មនុស្ស ៣នាក់រងរបួសដោយសារគ្រោះរញ្ជួយដីវាយប្រហារខេត្តកឺម៉ាន់ស្សាហ៍ នៅភាគខាងលិចប្រទេសអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ -- មនុស្សបចំនួន ៣នាក់បានរងរបួសបន្ទាប់ពីការរញ្ជួយដីពីរលើកបានវាយប្រហារតំបន់កូសរ៉ាន់ ក្នុងខេត្តកឺម៉ាន់ស្សាហ៍ នៅភាគខាងលិចប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Mehr។
អ្នកនាំពាក្យរបស់អង្គការគ្រប់គ្រងគ្រោះមហន្តរាយជាតិអ៊ីរ៉ង់ បានប្រាប់សារព័ត៌មាន Mehr ថា ការរញ្ជួយដីលើកដំបូងបានកើតឡើងនៅម៉ោង០៧:១៣នាទីព្រឹក ដែលមានកម្រិត ៥,២រ៉ិចទ័រ នៅជម្រៅ ៨គីឡូម៉ែត្រ។
ការរញ្ជួយដីលើកទីពីរមានកម្រិត ៥,៧រ៉ិចទ័រ បានកើតឡើងនៅប្រាំនាទីក្រោយមកនៅវេលាម៉ោង ០៧:១៨នាទីព្រឹក នៅជម្រៅ ១៣គីឡូម៉ែត្រ។
អ្នកនាំពាក្យបាននិយាយថា មនុស្សបីនាក់បានរងរបួសនៅក្នុងហេតុការណ៍នេះ។
នៅពេលមុននេះ ប្រធាននាយកដ្ឋានសង្គ្រោះបន្ទាន់ និងគ្រប់គ្រងឧប្បត្តិហេតុមុន នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រកឺម៉ាន់ស្សាហ៍បាននិយាយថា ក្រុមវាយតម្លៃសង្គ្រោះបន្ទាន់ចំនួនបួនក្រុមត្រូវបានបញ្ជូនទៅចំណុចកណ្តាលនៃការរញ្ជួយដីនោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





