មនុស្សម្នាក់ស្លាប់ និងជាច្រើននាក់រងរបួស ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក ទៅលើទីក្រុងតាប្រ៊ីសនៅភាគពាយ័ព្យអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ -- មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីកងទ័ពអាម៉េរិកបានវាយប្រហារតំបន់យោធាមួយនៅភាគនិរតីនៃទីក្រុងតាប្រ៊ីស នៅភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Mehr កាលពីថ្ងៃចន្ទ។
នាយកដ្ឋានគ្រប់គ្រងវិបត្តិនៃខេត្តអាស៊ែបៃហ្សង់ភាគខាងកើតរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា សំឡេងផ្ទុះដែលបានឮនៅក្នុងទីក្រុងនេះដែលមានទំនាក់ទំនងជាមួយនឹងការវាយប្រហារលើទីតាំងយោធា។
ជាលទ្ធផល មនុស្សម្នាក់បានស្លាប់ និងមួយចំនួនទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ។
ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ ISNA បានរាយការណ៍ថា ប្រធាននាយកដ្ឋានគ្រប់គ្រងវិបត្តិនៃខេត្តអាស៊ែបៃហ្សង់ភាគខាងលិចបាននិយាយថា មនុស្សជាច្រើននាក់បានរងរបួស បន្ទាប់ពីគ្រាប់ផ្លោងមួយបានវាយប្រហារតំបន់មួយក្បែរតំបន់ស៊ីលវ៉ាណា ក្នុងទីក្រុងយ៉មីយ៉ា នៅភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់ កាលពីព្រឹកព្រលឹមថ្ងៃចន្ទ។
មិនមានព័ត៌មានលម្អិតបន្ថែមអំពីវិសាលភាពនៃការខូចខាត ឬទីតាំងពិតប្រាកដដែលត្រូវបានកំណត់គោលដៅនោះទេ។
ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ ការវាយប្រហាររបស់សហរដ្ឋអាមេរិកភាគច្រើនផ្តោតលើភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់។ការវាយប្រហារលើទីក្រុងតាប្រ៊ីស និងទីក្រុងយ៉មីយ៉ា នៅភាគខាងជើងគឺជាការពង្រីកលើកដំបូងដែលបានរាយការណ៍ហួសពីភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ក្នុងអំឡុងពេលនេះ។
ការវាយប្រហារនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានជូនដំណឹងដល់អ៊ីស្រាអែលថា ខ្លួនមានគម្រោងបង្កើនយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈអ៊ីស្រាអែល KAN កាលពីថ្ងៃអាទិត្យ។
សហរដ្ឋអាមេរិកបានបង្កើនការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយអ៊ីរ៉ង់បានសងសឹកវិញដោយការវាយប្រហារដែលផ្តោតលើទីតាំង និងមូលដ្ឋានដែលខ្លួននិយាយថាត្រូវបានប្រើប្រាស់ដោយយោធាអាម៉េរិកនៅក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់។
ការបាញ់ប្រហារគ្នារវាងប្រទេសទាំងពីរបានកើតឡើង បើទោះបីជាមានអនុស្សរណៈយោគយល់គ្នាដែលសម្របសម្រួលដោយប៉ាគីស្ថានដែលពួកគេបានចុះហត្ថលេខាកាលពីក្នុងខែមិថុនា ដើម្បីបញ្ចប់សង្គ្រាមរបស់ពួកគេ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





