នាយករដ្ឋមន្ត្រីអេស្ប៉ាញបំពេញទស្សនកិច្ចនៅអាល់ហ្សេរី ដើម្បីពិភាក្សាបង្កើនចំណងមិត្តភាពទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក ភេដ្រូ សេនឆេ បានទៅដល់ប្រទេសអាល់ហ្សេរីកាលពីថ្ងៃចន្ទសម្រាប់ដំណើរទស្សនកិច្ចផ្លូវការមួយ ដែលមានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាល់ហ្សេរី បានឱ្យដឹងថា លោក សេនឆេ ត្រូវបានស្វាគមន៍ដោយប្រធានាធិបតីអាល់ហ្សេរីលោក អាប់ដែលម៉ាដជីដ ធេបប៊ូន ជាមួយនឹងពិធីផ្លូវការមួយនៅឯវិមានអ៊ែល មូរ៉ាឌីយ៉ា ក្នុងរដ្ឋធានីរបស់អាល់ហ្សេរី។
លោក សេនឆេ ត្រូវបានទទួលដោយក្បួនកិត្តិយសយោធា មុនពេលជួបពិភាក្សាជាមួយលោក ធេបប៊ូន នៅវិមានប្រធានាធិបតី។
សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យនាយករដ្ឋមន្ត្រីអាល់ហ្សេរីបាននិយាយថា ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ថ្នាក់ដឹកនាំអាល់ហ្សេរី និងអេស្ប៉ាញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រីកវិស័យសកម្មភាពរួមគ្នា តាមរបៀបដែលបម្រើផលប្រយោជន៍របស់ប្រទេសទាំងពីរ។
វាបានបន្ថែមថា ដំណើរទស្សនកិច្ចនេះនឹងផ្តល់ឱកាសដើម្បីបង្កើនការពិគ្រោះយោបល់ និងផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួនដែលមានផលប្រយោជន៍ទៅវិញទៅមក ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសន្ទនា និងការសម្របសម្រួល។
ដំណើរទស្សនកិច្ចនេះ គឺជាការចូលរួមនយោបាយកម្រិតខ្ពស់បំផុតរវាងអេស្ប៉ាញ និងអាល់ហ្សេរី ចាប់តាំងពីប្រទេសទាំងពីរបានកសាងទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីជម្លោះលើសាហារ៉ាខាងលិច ដែលជាទឹកដីដែលមានប្រជាជនរស់នៅតិចតួចនៅលើឆ្នេរសមុទ្រអាត្លង់ទិករបស់ទ្វីបអាហ្វ្រិកដែលឋានៈនយោបាយរបស់ខ្លួននៅតែមិនទាន់ដោះស្រាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកសេនឆេ ទៅកាន់ប្រទេសអាល់ហ្សេរីចាប់តាំងពីចូលកាន់តំណែងកាលពីក្នុងខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីដំណើរទស្សនកិច្ចលើកមុនរបស់លោកក្នុងឆ្នាំ២០២២។
កាលពីខែមីនាកន្លងទៅ ប្រទេសអាល់ហ្សេរីបានប្រកាសពីការធ្វើឱ្យសកម្មឡើងវិញនូវសន្ធិសញ្ញាមិត្តភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអេស្ប៉ាញ បន្ទាប់ពីបានផ្អាកវានៅឆ្នាំ២០២២បន្ទាប់ពីរដ្ឋាភិបាលអេស្ប៉ាញបានគាំទ្រផែនការស្វ័យភាពរបស់ប្រទេសម៉ារ៉ុកជាដំណោះស្រាយចំពោះជម្លោះលើតំបន់សាហារ៉ាខាងលិច៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





