ផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់តាជីគីស្ថានកើនឡើង ៨,២% នៅក្នុងឆមាសទីមួយ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មានKhovar បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មតាជីគីស្ថាន លោក អាប់ឌូរ៉ាហ៍ម៉ុន អាប់ឌូរ៉ាហ៍ម៉ុនហ្សូដា (Abdurahmon Abdurahmonzoda) ថា ផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់ប្រទេសតាជីគីស្ថានបានកើនឡើង ៨,២% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆមាសទីមួយនៃឆ្នាំ២០២៦។
យោងតាមរដ្ឋមន្ត្រីបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានឈានដល់ ៨១,៧ប៊ីលានសូម៉ូនី (ប្រហែល ៨,៨ប៊ីលានដុល្លារអាម៉េរិក) ក្នុងអំឡុងពេលខែមករាដល់ខែមិថុនា ដែលជាការកើនឡើង ១០,៨ប៊ីលានសូម៉ូនីពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រដ្ឋមន្ត្រីរូបនេះបានមានប្រសាសន៍ថា ទោះបីជាមានផលប៉ះពាល់អវិជ្ជមានពីការអភិវឌ្ឍសកល និងតំបន់ក៏ដោយ ក៏ប្រទេសតាជីគីស្ថាននៅតែរក្សាកំណើនសេដ្ឋកិច្ចបានស្ថិរភាពក្នុងឆមាសទីមួយនៃឆ្នាំនេះ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ការពង្រីកសេដ្ឋកិច្ចរបស់ប្រទេសនេះភាគច្រើនត្រូវបានជំរុញដោយការកើនឡើង ១៤,១% នៃទិន្នផលឧស្សាហកម្ម ការកើនឡើង ១៨,៤% នៃការវិនិយោគលើទ្រព្យសកម្មថេរនិងកំណើន ២៦,១% នៃពាណិជ្ជកម្មលក់រាយ។
លោកក៏បានបន្ដថា អតិផរណាមានចំនួន ២,៤% ក្នុងអំឡុងពេលនេះបានកើនឡើង ០,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់ភាគច្រើនត្រូវបានជំរុញដោយការកើនឡើង ២,៦% នៃតម្លៃម្ហូបអាហារ ការកើនឡើង ១,៧% នៃតម្លៃមិនមែនម្ហូបអាហារ និងការកើនឡើង ៣,៨% នៃតម្លៃសេវាកម្ម៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





