ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ បានរៀបចំកម្មវិធីសំណេះសំណាលជាមួយមន្ត្រី និងគ្រូបង្រៀនកម្ពុជាចំនួន ៣០រូប ដែលនឹងចូលរួមកម្មវិធីបណ្តុះបណ្តាលនៅប្រទេសឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦–ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ បានរៀបចំកម្មវិធីជួបសំណេះសំណាល និងជូនដំណើរដល់មន្ត្រី និងគ្រូបង្រៀនកម្ពុជាចំនួន ៣០រូប មកពីក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងធ្វើដំណើរទៅចូលរួមកម្មវិធីបណ្តុះបណ្តាលកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ក្រោមប្រធានបទ«ក្របខ័ណ្ឌសម្រាប់ការធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់ការអប់រំ STEM» (A Framework for Integrating AI to Enhance STEM Education)។ កម្មវិធីបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាល និងស្រាវជ្រាវគ្រូបច្ចេកទេស (NITTTR) ក្រុងឆែនណៃ ប្រទេសឥណ្ឌា។
ពិធីសំណេះសំណាលនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយភ្ញៀវកិត្តិយសជាន់ខ្ពស់ និងសិក្ខាកាមជាច្រើនរូបទៀត។
កម្មវិធីបណ្តុះបណ្តាលស្តីពីការធ្វើសមាហរណកម្ម AI សម្រាប់ការអប់រំ STEM នាពេលខាងមុខនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំដែលចូលរួម តាមរយៈការពង្រឹងជំនាញគរុកោសល្យ និងសមត្ថភាពឌីជីថល។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់នូវការសិក្សាអនុវត្តជាក់ស្តែងលើ៖


• ការធ្វើសមាហរណកម្មក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត (AI Frameworks)
• ការប្រើប្រាស់បន្ទប់ពិសោធន៍និម្មិត (Virtual Labs) និងការធ្វើត្រាប់តាមបែបវិទ្យាសាស្ត្រ (Simulations)
• ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) បែបសហការ ដើម្បីគាំទ្រដល់ការអប់រំ STEM ដែលផ្តោតលើអ្នកសិក្សាជាស្នូល និងត្រៀមលក្ខណៈសម្រាប់អនាគត។
កម្មវិធីនេះក៏នឹងរួមបញ្ចូលផងដែរនូវវគ្គពិភាក្សា ការអនុវត្តផ្ទាល់ ករណីសិក្សា និងការធ្វើគម្រោងជាក្រុម។
នៅក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីនោះ ឯកឧត្តម VanlalvawnaBawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃកម្មវិធីបណ្តុះបណ្តាលនេះ ដែលមានគោលដៅធ្វើសមាហរណកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការអប់រំ STEM។

ដោយឆ្លុះបញ្ចាំងពីទំនាក់ទំនងអារ្យធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់រវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអប់រំ។ ឯកឧត្តមបានសម្តែងនូវជំនឿយ៉ាងមុតមាំថា ចំណេះដឹង និងបទពិសោធន៍ដែលសិក្ខាកាមទទួលបានពីប្រទេសឥណ្ឌាតាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ ការយល់ដឹងគ្នាទៅវិញទៅមក និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យដើរតួជា «ទូតនៃចំណងមិត្តភាព» និងជាស្ពានចម្លងនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងឥណ្ឌា និងកម្ពុជា។

កម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៤ ហើយជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់ប្រទេសឥណ្ឌាសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពសម្រាប់បណ្តាប្រទេសជាដៃគូ។ កម្មវិធីនេះដំណើរការផ្អែកលើតម្រូវការជាក់ស្តែងរបស់ប្រទេសជាដៃគូ និងមានគោលបំណងគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការផ្តល់ឱកាសបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សលើវិស័យជាច្រើន។
ចាប់តាំងពីឆ្នាំ១៩៨១ មក មានប្រជាពលរដ្ឋ និងមន្ត្រីរាជការកម្ពុជាជាង៣,៣០០ នាក់ បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល ITEC។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលឥណ្ឌាតែងតែផ្តល់កូតាវគ្គបណ្តុះបណ្តាល ITEC ចំនួន ៣០០ កន្លែង ជូនដល់ប្រទេសកម្ពុជា៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ





