អភិបាលស្រុកស្ទោងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរានៅឃុំពពក
AKPកំពង់ធំថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៦-- លោកសាយ គឹមឡមអភិបាលនៃគណៈអភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត និងចាស់ជរា ចំនួន០៨គ្រួសារ នៅភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះលោកសាយ គឹមឡមអភិបាលស្រុកស្ទោង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលឯកឧត្តមតែងតែយកចិត្តទុកដាក់ពីសុខទុក្ខសុខុមាលភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំជួយ ឧបត្ថម្ភ ដល់គ្រួសារដែលមានជីវភាពខ្វះខាតជានិច្ច មិនដែលអាក់ខានឡើយ។


ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យថែទាំសុខភាព មានអនា ម័យ ហូបស្អាត រស់នៅស្អាតនិងទុកដាក់ថែទាំកូនចៅឱ្យបានល្អ ឱ្យខិតខំរៀន សូត្រ ក្លាយជាទំពាំងរឹងមាំតបស្នង សងគុណដល់ប្រទេសជាតិ មាតុភូមិ ចៀសវាងក្លាយជាក្មេងទំនើង បង្កអសន្តិសុខក្នុងមូលដ្ឋាន និងធ្វើឱ្យបាត់បង់អនាគតដ៏ល្អនិងវែងឆ្ងាយ។

លោកសាយ គឹមឡមអភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំឱ្យមានបងប្អូនណាខ្វះខាតស្បៀងអាហារ និងឈឺថ្កាត់ដោយអាជ្ញាធរពុំបានដឹង ហើយបើបងប្អូនដែលមានជំងឺដង្កាត់ធ្ងន់ស្រាលផ្សេងៗ សូមមកទទួលសេវាពីមណ្ឌលសុខភាពឃុំពពក ឬអាចស្នើរសូមឡានសង្គ្រោះបន្ទាន់ដែលជាអំណោ យដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដើម្បីដឹកអ្នកជំងឺមកមន្ទីរពេទ្យបង្អែកតាមការចាំបាច់ផ្សេងៗ។

សូមបញ្ជាក់ថាគ្រួសារដែលមានជីវភាពខ្វះខាតទាំង៨គ្រួសារក្នុងមួយគ្រួសារៗទទួលបាននូវអង្ករ១បេ មី ត្រីខនិងសម្លៀកបំពាក់ផងដែរ៕
ដោយ៖ ស៊ុម វណ្ណា





