ពិធីបិទសិក្ខាសាលាអន្តរក្រសួង ស្ថាប័ន ស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន”
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--បន្ទាប់ពីដំណើរការសិក្ខាសាលាអន្តរក្រសួង ស្ថាប័ន ស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន” ដែលមានរយៈពេល២ថ្ងៃកន្លងទៅ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញក្នុងពិធីបិទសិក្ខាសាលានេះ ដោយមានការធ្វើបទបង្ហាញ ដោយអ្នកជំនាញ និងប្រតិភូ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលមានការចូលរួមពីអន្តរក្រសួង ស្ថាប័នទាំង១៩ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីទីស្នាក់ការកណ្តាល ពិធិនេះរៀបចំឡើងនៅសាលប្រជុំ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។

តំណាងសមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងអស់ បានថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញ ក្រសួង ស្ថាប័នទាំង១៩ ដើម្បីទទួលបានចំណេះដឹងបន្ថែមពីគោលការណ៍ជាមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ ហើយទទួលបានសំណួរចម្លើយពីគ្រូឧទ្ទេស និងបទពិសោធន៍ ចំណេះដឹងទាំងនេះជាមូលដ្ឋានដ៏សំខាន់សម្រាប់ទាំងអស់គ្នាក្នុងការបន្តអនុវត្តភារកិច្ចរៀងៗខ្លួនប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងស្មារតីមនុស្សធម៌ ព្រមទាំងបន្តផ្សព្វផ្សាយគោលការណ៍ និងតម្លៃនៃច្បាប់មនុស្សធម៌អន្តរជាតិឱ្យកាន់តែទូលំទូលាយ។

លោកស្រី( Clémentine Rendle )ទីប្រឹក្សា (ICRC) ផ្នែកច្បាប់ប្រចាំតំបន់ បានថ្លែងអំណរគុណសម្រាប់ការចូលរួមដោយយកចិត្តទុក្ខដាក់ និងចូលរួមជាមតិយោបល់សកម្មភាពរយៈពេល២ថ្ងៃនេះបង្ហាញឱ្យឃើញពីសក្ខីភាពនៃការប្តេជ្ញាចិត្តក្នុងការចង់ដឹងពីច្បាប់មនុស្សធម៌អន្តរជាតិ។ លោកស្រីបានបន្តថា ៖ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ត្រូវការការបណ្តុះបណ្តាលច្បាស់លាស់ និងការផ្សព្វផ្សាយជាប្រចាំ គឺជាគ្រឹះដ៏សំខាន់ក្នុងការបង្កើតវប្បធម៌នៃការយល់ដឹង និងការគោរពច្បាប់នេះ ដើម្បីទទួលបានជោគជ័យនៃការអនុវត្តច្បាប់នេះ គឺអាស្រ័យលើការប្តេជ្ញាចិត្តរួមគ្នា ទាំងក្នុងកម្រិតបុគ្គល និងកម្រិតស្ថាប័ន ក្រសួង ទៅតាមទំហំការងារ និងការទទួលខុសត្រូវរៀងៗខ្លួន។គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយ សមាគមជាតិ និងក្រសួង ស្ថាប័នដើម្បីបន្តជំរុញ និងការពារតម្លៃមនុស្សធម៌ទាំងនេះទៅថ្ងៃអនាគត។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះប្រតិភូ និងអ្នកជំនាញរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលបានជួយសម្របសម្រួលឱ្យសិក្ខាសាលានេះយល់ច្បាស់ពីមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ និងសូមថ្លែងអំណរគុណចំពោះការចូលរួមពីអន្តរក្រសួង ស្ថាប័នក្នុងសិក្ខាសាលានេះ។ លោកជំទាវបានបន្តថា ៖ យោងតាមរបាយការណ៍នៃសិក្ខាសាលា២ថ្ងៃនេះ លោកជំទាវសូមស្នើឱ្យតំណាងក្រសួង-ស្ថាប័ននីមួយៗ ធ្វើរបាយការណ៍ ឬកំណត់បង្ហាញជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ឬប្រធានអង្គភាពរបស់ខ្លួនអំពីលទ្ធផលនៃសិក្ខាសាលា ផ្សព្វផ្សាយបន្តពីចំណេះដឹងដែលទទួលបាននៅក្នុងសិក្ខាសាលានេះ និងសូមជូនពរដល់ប្រតិភូ (ICRC)។ លោកជំទាវបានបញ្ជាក់ និងសង្កត់ធ្ងន់ថា៖គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះ គឺ ពង្រឹង និងធ្វើបច្ចុប្បន្នភាពចំណេះដឹង អំពីវិធានស្នូលនៃច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ស្វែងយល់ឱ្យកាន់តែច្បាស់ពីតួនាទីរបស់( ICRC) និងកាកបាទក្រហមកម្ពុជា ក្នុងបរិការណ៍ជម្លោះប្រដាប់អាវុធនិងការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ កំណត់សកម្មភាពសក្តានុពល ដើម្បីរួមចំណែកកសាង «វប្បធម៌នៃការគោរពច្បាប់ (IHL)» ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ សរុបជារួមកមវិញ ច្បាប់មនុស្សធម៌អន្តរជាតិ មិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់រដ្ឋ ស្ថាប័នពាក់ព័ន្ធ និងដៃគូទាំងអស់ ក្នុងការការពារជីវិត សេចក្តីថ្លៃថ្នូរ និងសិទ្ធិជាមូលដ្ឋានរបស់មនុស្សក្នុងគ្រប់កាលៈទេសៈ៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





