ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីបែងចែកក្រុមការងារសម្របសម្រួលការងារគ្រប់គ្រង ប្រព័ន្ធធារាសាស្ត្រ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីបែងចែកក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងទំនប់អាងទឹក និងប្រព័ន្ធធារាសាស្រ្តចំនួន ៩ទីតាំង នៅសាលប្រជុំនៃទីស្ដីការក្រសួងនាព្រឹកថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ។

សូមជម្រាបថា អាងទឹកធំៗទាំង៩ រួមមាន៖ អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ អាងទឹកទំនប់លេខ៣និងលេខ៥ ក្នុងខេត្តពោធិ៍សាត់ អាងទឹកកំពីងពួយ អាងទឹកពហុបំណងបាត់ដំបង និងអាងទឹកដូនទ្រី ក្នុងខេត្តបាត់ដំបង អាងទឹកត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ អាងទឹកស្ទឹងស្រែង១និងស្រែង២ ក្នុងខេត្តឧត្តរមានជ័យ អាងទឹករក្សាក្នុងខេត្តព្រះវិហារ និងអាងទឹកស្ទឹងជីនិត ក្នុងខេត្តកំពង់ធំ។

ក្នុងនោះ ក្រុមការងារសម្របសម្រួល មានសមាសភាពមកពីនាយកដ្ឋានធារាស្ត្រកសិកម្ម នាយកដ្ឋានវិស្វកម្ម នាយកដ្ឋានគ្រប់គ្រងនិងអភិរក្សធនធានទឹក និងនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម។

សូមបញ្ជាក់ថា ក្រុមការងារសម្របសម្រួលតាមអាងទឹកនីមួយៗ មានភារកិច្ច រៀបចំផែនការសកម្មភាពក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ ព្រមទាំងជំរុញការងារបង្ការទប់ស្កាត់ និងមានវិធានការលើករណីរំលោភបំពានទំនប់អាងទឹក និងប្រព័ន្ធធារាសាស្ត្រ ដើម្បីធានានូវសុវត្ថិភាព សោភណភាព និងនិរន្តរភាព៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





