អភិបាលខេត្តបន្ទាយមានជ័យ៖ការរៀប ចំថវិកាឆ្នាំ២០២៧-២០២៩ ត្រូវផ្អែកលើប្រសិទ្ធភាពសេវាសាធារណៈ និងឆ្លើយ តបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៨ សហវ.សរណ.អហក ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត ឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសរៀបចំគម្រោងថវិកាឆ្នាំ២០២៧ ដែលរៀបចំឡើងដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់ថា ការរៀបចំផែនការថវិកាជាកិច្ចការគន្លឹះដែលទាមទារនូវការទទួល ខុសត្រូវខ្ពស់ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមមូលដ្ឋាន។ 
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី បានគូសបញ្ជាក់យ៉ាងច្បាស់ៗអំពីគោលដៅយុទ្ធសាស្ត្រនៃការគ្រប់គ្រងថវិកាថាការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាឆ្នាំ២០២៧ មិនមែនគ្រាន់តែជាការបំពេញបែបបទរដ្ឋបាលនោះទេ ប៉ុន្តែវាជាការកំណត់ 'វាសនា' នៃការអភិវឌ្ឍមូលដ្ឋានយើង។ ខ្ញុំសូមជំរុញដល់មន្ត្រីជំនាញ និងថ្នាក់ដឹកនាំរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការកំណត់អាទិភាពការងារ ដោយយកប្រសិទ្ធភាពសេវាសាធារណៈជាធំ និងធានាថាការចំណាយថវិកាត្រូវតែឆ្លើយតបចំគោលដៅទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។

ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ត្រូវសិក្សាឱ្យបានស៊ីជម្រៅលើបញ្ហាប្រឈមជាក់ស្តែង និងសក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាថាផែនការយុទ្ធសាស្ត្រថវិកាសម្រាប់រយៈពេល ៣ឆ្នាំ (២០២៧-២០២៩) នេះ នឹងក្លាយជាឧបករណ៍ដ៏មានប្រ សិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ 
បន្ថែមពីលើនេះ ឯកឧត្តមបានដាក់បទបញ្ជាដល់មន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើជាសេនាធិការដ៏សកម្មក្នុងការបណ្តុះ បណ្តាល និងណែនាំបច្ចេកទេសឱ្យបានច្បាស់លាស់ដល់មន្ត្រីនៅថ្នាក់មូលដ្ឋាន ដើម្បីធានាបាននូវភាពត្រឹមត្រូវ តម្លាភាព និងគណនេយ្យភាពក្នុងការប្រើប្រាស់ថវិការដ្ឋ។

សូមជម្រាបថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ លោកអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក ព្រមទាំងមេឃុំ ចៅសង្កាត់ ស្មៀន និងជំនួយការឃុំ សង្កាត់ទូទាំងខេត្ត ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រថវិកាជាតិឱ្យទទួលបានជោគជ័យតាមការកំណត់៕
ដោយ៖ឈុនសារ៉ាត





