មន្ទីរធនធានទឹកខេត្តបាត់ដំបងជូនដំណឹងស្តីពីស្ថានភាពទឹកក្នុងអាងពហុបំណងបាត់ដំបង និងស្ទឹងសង្កែ
AKP បាត់ដំបង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦--មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះបានជូនដំណឹងស្តីពី ស្ថានភាពទឹកក្នុងអាងពហុបំណងបាត់ដំបង និងស្ទឹងសង្កែ ។នៅក្នុងសេចក្តីជូនដំណឹងនេះបានឱ្យដឹងថា យោងតាមព្រឹត្តិបត្រព្យាករណ៍ធាតុអាកាសក្នុងព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ខ្យល់មូសុងនិរតី និងខ្យល់ប្រុស លក្ខណៈបែបនេះបានបង្ករឱ្យមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បណ្តាលឲ្យមានទឹកជំនន់ ឡើងខ្លាំងក្នុងស្រុកសំឡូត ហើយទឹកទាំងនោះបានបន្តហូរចូលអាងពហុបំណងបាត់ដំបង ធ្វើឲ្យបរិមាណទឹកក្នុងអាងមានការកើនឡើងលើសកម្រិតអតិបរមា។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានជម្រាបជូនជាពត៌មានដល់សាធារណៈជនទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែឱ្យ បានជ្រាបថា ដើម្បីរំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែម ក៏ដូចជាបន្ធូរបរិមាណទឹកដែលពេញអាង មន្ទីរធនធានទឹក និងឧតុនិយមខេត្តនឹងបើកទ្វារទឹកអាងពហុបំណងបាត់ដំបង បង្ហូរចូលស្ទឹងសង្កែ បណ្តាលឱ្យ កម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើងក្នុងពេលដ៏ខ្លីខាងមុខ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង សង្កែមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជា ម៉ាស៊ីនបូមទឹក ទូក សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតជាដើម។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបន្តការតាមដានការប្រែប្រួលអាកាសធាតុយ៉ាងយកចិត្ត ទុកដាក់ និងជម្រាបជូនជាដំណឹងបន្តបន្ទាប់ទៀត ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





