អគ្គនាយកយុវជនផ្តល់អនុសាសន៍គន្លឹះចំនួន៣ដល់យុវជន ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ -- លោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងជាអគ្គនាយកយុវជន តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងកម្មវិធី «វេទិកាយុវទិវា ២០២៦»
(Youth Day Forum 2026) ក្រោមមូលបទ៖
«ការលើកកម្ពស់គំនិតផ្តួចផ្តើមយុវជននៅក្នុងនវានុវត្តន៍ចក្រា និងឌីជីថល» នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសមាគមនិស្សិតវិទ្យាសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនៅ
កម្ពុជា (AIESEC in Cambodia) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia) បានផ្តល់អនុសាសន៍គន្លឹះចំនួន៣ដល់យុវជន ដើម្បីការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន ដូចខាងក្រោម៖
១.នវានុវត្តន៍ដែលមានតម្លៃ មិនមែនស្ថិតនៅត្រឹមភាពថ្មី ឬភាពទំនើបនៃផលិតផលនោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងការឆ្លើយតបទៅនឹងបញ្ហាពិត និងតម្រូវការពិតរបស់ប្រជាជន សហគមន៍ និងសង្គមជាតិ។ ដូច្នេះ យុវជនគួរចាប់ផ្តើមពីការសង្កេត ឈ្វេងយល់ និងកំណត់បញ្ហាឱ្យបានច្បាស់ មុននឹងស្វែងរកដំណោះស្រាយ។
២.យុវជនគួរប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ជាឧបករណ៍សម្រាប់ការរៀនសូត្រ និងពង្រឹងសមត្ថភាព ប្រើបច្ចេកវិទ្យាឌីជីថលដើម្បីបង្កើតការងារ និងឱកាសថ្មីៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានានា និងប្រើប្រាស់បណ្តាញសង្គមដើម្បីចែករំលែកអ្វីដែលមានប្រយោជន៍ដល់សង្គម។
៣.ការចាប់ផ្តើមមិនចាំបាច់រង់ចាំរហូតដល់មានធនធានគ្រប់គ្រាន់ បច្ចេកវិទ្យាល្អឥតខ្ចោះ ឬមានលក្ខខណ្ឌល្អគ្រប់យ៉ាងនោះទេ។ យុវជនអាចចាប់ផ្តើមពីចំណេះដឹង ជំនាញ ឧបករណ៍ និងឱកាសដែលខ្លួនមាននៅពេលនេះ ហើយបន្តរៀន បន្តសាកល្បង បន្តកែលម្អ និងបន្តអភិវឌ្ឍខ្លួនជាប្រចាំ «ចាប់ផ្តើមតូច គិតឱ្យឆ្ងាយ និងធ្វើជាបន្តបន្ទាប់»។

បន្ថែមពីនោះលោកជំទាវបានជំរុញ និងលើកទឹកចិត្តដល់ប្អូនៗយុវជន សូមកុំត្រឡប់ទៅផ្ទះជាមួយត្រឹមតែរូបថតថ្មីៗ ប៉ុន្តែគួរត្រឡប់ទៅជាមួយ សំណួរថ្មី គំនិតថ្មី ជំនាញថ្មី ទំនាក់ទំនងថ្មី និងការប្តេជ្ញាចិត្តថ្មី ក្នុងការចាប់ផ្តើមធ្វើអ្វីមួយដែលមានន័យ និងមានតម្លៃសម្រាប់ខ្លួនឯង សហគមន៍ និងប្រទេសជាតិ ដោយលោកជំទាវបានគូសបញ្ជាក់ថា ប្រទេសជាតិមិនត្រូវការយុវជនដែលចេះត្រឹមតែមើលឃើញពីបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែត្រូវការយុវជនដែល ហ៊ានសួរ ហ៊ានគិត ហ៊ានសាកល្បង និងហ៊ានបង្កើតដំណោះស្រាយ។

សូមជម្រាបថា កម្មវិធីវេទិកាយុវទិវារៀបចំឡើងក្នុងគោលបំណងលើកកម្ពស់តួនាទីដ៏សំខាន់របស់យុវជន តាមរយៈការបណ្តុះបណ្តាល កិច្ចពិភាក្សា និងការប្រកួតជជែកដេញដោល ដើម្បីបង្កើនសមត្ថភាពយុវជនក្នុងការបញ្ចេញមតិ ស្វែងរកដំណោះស្រាយ និងបង្កើតគំនិតផ្តួចផ្តើមថ្មីៗ ជាពិសេសពាក់ព័ន្ធនឹងនវានុវត្តន៍ចក្រា និងបរិវត្តកម្មឌីជីថល សំដៅលើកកម្ពស់ការយល់ដឹង ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ និងការចូលរួមរបស់យុវជនក្នុងការឆ្លើយតបទៅនឹងបញ្ហា និងការផ្លាស់ប្តូរនានានៅក្នុងសង្គមបច្ចុប្បន្ន៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





