បណ្តាខេត្ដ-រាជធានីអាចមានភ្លៀងធ្លាក់កាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះក្នុងរយ:ពេល៣ថ្ងៃនេះ សូមបងប្អូនមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរទៅទីជិត-ឆ្ងាយ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ២០២៦ -- ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹងថា ព្យុះទី៩មានឈ្មោះបាវី (Bavi) T2609 និងព្យុះទី១០ ឈ្មោះ ម៉ៃស័ក (Maysak)T2610 មានឥទ្ធិពលលើរបបខ្យល់ មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ហើយព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។
សូមបញ្ជាក់ថា ព្យុះ ម៉ៃស័ក ជាឈ្មោះរបស់កម្ពុជា ហើយព្យុះនេះនឹងរលាយបាត់ទៅវិញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ចំណែកឯព្យុះទី៩ ឈ្មោះ បាវី (Bavi) T2609 នឹងបន្តមានឥទ្ធិពលរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ដោយសារស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់មួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាទទួលរងពីឥទ្ធពលព្យុះនេះរយ:ពេល៣ថ្ថៃគឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
តំបន់ដែលទទួលរងពីឥទ្ធពលព្យុះនេះរួមមាន÷
-១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់ បក់មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម៣ម៉ែត្រក្នុង១ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តបលើផ្ទៃដី៥០% ។
២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៣ម៉ែត្រក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី៦០%។
៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រក្នុង១ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី ៧០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ ម៉ែត្រ៕

ដោយ សួស សំរិត





