តំបន់សឹករងខេត្តកណ្តាល ចុះហត្ថលេខាបន្តរុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ជំហានទី២៦ ឆ្នាំ២០២៦-២០២៧
AKP កណ្ដាល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ -- នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុបន្តរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមជំហានទី២៦ រដូវប្រាំងឆ្នាំ២០២៦-២០២៧ ដែលពិធីនេះធ្វើឡើង ស្ថិតក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងភាគីវៀតណាមដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ហ្វិញ វុ័នង៉ន មេបញ្ជាការរងនយោបាយ និងជាប្រធានគណៈចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម និងមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានគណៈកម្មការជំនាញខេត្តកណ្តាល មន្រ្តីអាជ្ញាធរពាក់ព័ន្ធ កងកំលាំងទាំងបីប្រភេទ នៅជុំវិញខេត្តកណ្តាលផងដែរ។

លោក ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល លើកឡើងបង្ហាញពីរបាយការណ៍ឱ្យដឹងថា កិច្ចហការរុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម រវាងគណៈចង្អុលការយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ជាមួយគណៈកម្មការជំនាញខេត្តកណ្តាល បានចាប់ផ្តើមតាំងតែពី ឆ្នាំ២០០២មកម៉្លេះ រហូតមក ដល់ពេលនេះបានចំនួន ២៥លើក រីឯលទ្ធផលនៃកិច្ចសហការ រុករក ជីកលើកអដ្ឋិធាតុសម្រេច បានសរុបចំនួន ១ ៣៣៨ អដ្ឋិធាតុ ដោយគិតត្រឹមជំហានទី២៥ រដូវប្រាំងឆ្នាំ២០២៥-២០២៦ ហើយបានធ្វើពិធីប្រគល់-ទទួល និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចរាល់។

ការរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលបានអនុវត្តក្នុងជំហានទី២៥ រដូវប្រាំងឆ្នាំ២០២៥-២០២៦ កន្លងមក ដោយសម្រេចលទ្ធផលបានចំនួន ៥៣ អដ្ឋិធាតុ រួមមានស្រុកខ្សាច់កណ្តាលចំនួន ៤៧អដ្ឋិធាតុ ស្រុកល្វាឯមចំនួន ០៤អដ្ឋិធាតុ និងក្រុងអរិយក្សត្រចំនួន ០២អដ្ឋិធាតុ។
លោក ឧត្តមសេនីយ៍ត្រី ហ្វិញ វុ័នង៉ន មេបញ្ជាការរង នយោបាយ និងជាប្រធានគណៈចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជា ដែលបានសហការយ៉ាងស្អិតរមួត ក្នុងការជួយផ្ដល់ព័ត៌មាន និងស្រាវជ្រាវរុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ឱ្យបានវិលត្រឡប់ទៅកាន់មាតុភូមិវិញនាពេលកន្លងមក។

លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការរវាងតំបន់ប្រតិបត្តិការសឹករងកណ្តាល និងក្រុម K៩០ យោធភូមិភាគ៩ នៃកងទ័ពប្រជាជនវៀតណាម ក្នុងរយៈពេលកន្លងមក ដែលបានសហការជាមួយគ្នា ក្នុងការស្រាវជ្រាវរុករកព័ត៌មានទីតាំងបញ្ចុះសពយុទ្ធជនស្ម័គ្រចិត្តនិងជំនាញការវៀតណាម រហូតរកឃើញ និងលើកយកនូវបណ្តាអដ្ឋិធាតុទាំងនោះ។ លោក អភិបាលរងខេត្ត សង្ឃឹមយ៉ាងមុតមាំថា តំបន់ប្រតិបត្តិការសឹករងកណ្តាល និងក្រុម K៩០ យោធភូមិភាគ៩ នៃ កងទ័ពប្រជាជនវៀតណាម នៅតែបន្តសហការយ៉ាងជិតស្និទ្ធ ក្នុងភារកិច្ចរុករក ជីកលើក និងធ្វើ មាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពនិងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅ ភូមិសាស្ត្រខេត្តកណ្តាល ទទួលបានជោគជ័យបន្ថែមទៀត ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





