ឯកឧត្តម គីម វីរៈ ចុះពិនិត្យស្ថានភាពទឹកទន្លេស្រែកពក និងទីទួលសុវត្ថិភាព ស្រុកកូនមុំ ខេត្តរតនគិរី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ទន្លេស្រែពកតូច និងស្រែពកធំ ព្រមទាំងទីទួលសុវត្ថិភាពចំនួន៣ កន្លែង រួមមាន ទីទួលសុវត្ថិភាពក្បាលដំរី ទីទួលសុវត្ថិភាពនាងដី និងសាលាបឋមសិក្សាស្រែកពកតូច ក្នុងឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។

ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានវាយតម្លៃដល់ការអនុវត្តរបស់មន្រ្តីលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រោះមហន្តរាយថ្នាក់ខេត្ត ដែលបានចុះពិនិត្យ និងធ្វើរបាយការណ៍ជាប្រចាំអំពីស្ថានភាពដែលបានរងការជះឥទ្ធិពលដោយសារការប្រែប្រួលអាកាសធាតុ ពិសេសស្ថានភាពទឹកជំនន់ដែលបានកើតឡើង។ ឯកឧត្តម បានណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តតាមដាន និងយកចិត្តទុកដាក់ដល់ប្រជាកសិករនូវតម្រូវការចំបាច់ និងធ្វេីការទំនាក់ទំនងជាមួយអាជ្ញាធរវៀតណាម ដេីម្បីទទួលព័ត៌មាន និងចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងទាន់ពេលវេលា។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តសហការជាមួយលេខាធិការដ្ឋានមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីបន្តតាមដានស្ថានភាពទឹកជំនន់ និងវាយតម្លៃហានិភ័យផ្តោតជាចម្បងលើការការពារអាយុជីវិត និងតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីតំណាងរាស្រ្ត អភិបាលរងខេត្តរតនៈគិរី តំណាងមន្ទីរជំនាញ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ ភូមិ និងកងកម្លាំងទាំងបី ជាច្រើននាក់ទៀតតោង ៕

ដោយ ណយ នឿន (ប្រភព៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





