អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៦---
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃព័ត៌មានមិនពិត (Fake News) ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សង្គម។
ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន ២នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាមដែលមានសិស្សានុសិស្សប្រមាណជាង១,០០០នាក់ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងយុគសម័យនៃការវិវត្តនៃបច្ចេកវិទ្យាដ៏ឆាប់រហ័សនេះ ការទទួលទានព័ត៌មានតាមរយៈបណ្តាញសង្គមមានភាពងាយស្រួល ប៉ុន្តែក៏បង្កជាហានិភ័យខ្ពស់ផងដែរ ប្រសិនបើអ្នកប្រើប្រាស់ខ្វះការប្រុងប្រយ័ត្ន។

ឯកឧត្តម បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការពង្រឹងចំណេះដឹង និងអប់រំដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយដល់យុវវ័យឱ្យយល់ដឹងពីព័ត៌មានក្លែងក្លាយ គឺជារឿងចាំបាច់បំផុត ដោយឯកឧត្តមបានប្រៀបប្រដូចកិច្ចការនេះទៅនឹង «ការចាក់វ៉ាក់សាំងការពារកុំឱ្យមានគ្រោះថ្នាក់» ដល់ពួកគេ និងសង្គមជាតិទាំងមូលដោយសារតែមេរោគព័ត៌មានក្លែងក្លាយ។
ឯកឧត្តម ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថាយុទ្ធនាការជំហានទី២នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងរបៀបការពារខ្លួនពីការបំភាន់នានាក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវ ។ មួយវិញទៀត កិច្ចការនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មានក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថលជូនដល់ពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជាឱ្យចៀសផុតពីមហន្តរាយនៃព័ត៌មានក្លែងក្លាយ។


យុទ្ធនាការជំហានទី២នេះ មិនត្រឹមតែផ្តល់នូវចំណេះដឹងជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការទប់ទល់នឹងការផ្សព្វផ្សាយបែបបំពុល បំផ្លើស និងបំភ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផុសស្មារតីដល់យុវជនជំនាន់ក្រោយ ឱ្យក្លាយទៅជា «ភ្នាក់ងារសន្តិសុខឌីជីថល» ដ៏សកម្ម ក្នុងការផ្សព្វផ្សាយបន្តនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ និងរួមចំណែកកសាងបរិយាកាសព័ត៌មានប្រកបដោយសុវត្ថិភាព និងទំនុកចិត្តនៅក្នុងសង្គមជាតិទាំងមូលផងដែរ។
លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត ក៏បានដាស់តឿនដល់សិស្សានុសិស្ស សូមចូលរួមទប់ស្កាត់ និងកុំចែកចាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ឱ្យសោះ ។ ប្រសិនបើឃើញករណីមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលគ្មានប្រភពច្បាស់លាស់ សូមផ្ទៀងផ្ទាត់ព័ត៌មាន ដែលមានប្រភពផ្លូវការជាមុនសិន។

នាឱកាសនោះដែរ សិស្សានុសិស្សនៃវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាមបានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង និងមន្ទីរព័ត៌មាន ក៏ដូចជាអាជ្ញាធរខេត្ត ដែលបានសហការរៀបចំយុទ្ធនាការដ៏មានសារៈសំខាន់នេះឡើង ដែលបានផ្តល់ឱកាសដល់សិស្សានុសិស្សទទួលបានចំណេះដឹងអំពីរបៀបនៃការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ព្រមទាំងយល់ដឹងកាន់តែច្បាស់ពីវិធីសាស្ត្រក្នុងការបង្ការ ទប់ស្កាត់ និងចូលរួមប្រឆាំងនឹងព័ត៌មានមិនពិត (Fake News) នៅក្នុងយុគសម័យឌីជីថល។

សូមបញ្ជាក់ថា ចាប់ផ្តើមពីរាជភ្នំពេញ ទៅកាន់ខេត្តព្រះវិហារ តាកែវ កំពង់ស្ពឺ កំពត ពោធិ៍សាត់ កំពង់ធំ សៀមរាប កំពង់ចាម និងបន្តទៅបណ្តាខេត្តនានានៅទូទាំងប្រទេសជាបន្តបន្ទាប់ យុទ្ធនាការជំហានទី២ បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅកាន់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល និងការបង្កើនភាពស៊ាំរបស់ស្រទាប់យុវវ័យប្រឆាំងនឹងព័ត៌មានមិនពិត។ សកម្មភាពដ៏ផុលផុសនៅតាមបណ្តាវិទ្យាល័យនាពេលនេះ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយក្រសួងព័ត៌មាន ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានសិក្សា ក្នុងការកសាងខែល «សុវត្ថិភាពព័ត៌មាន» ដ៏រឹងមាំនៅក្នុងសង្គមកម្ពុជា៕
ដោយ៖ ប៊ុនរិទ្ធ , រូបថត៖ AKP





