សម្តេចមហាបវរធិបតី និងលោកជំទាវបានផ្តលអំណោយជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦-- ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែកក្កដា ឆ្នាំ២០២៦ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមមាន អង្ករ ប្រេងឥន្ធន: និងថវិកា សម្រាប់ទ្រទ្រង់សាលា យោធាចារ្យ និងគ្រូគ្រប់គ្រង ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានលេីកឡេីងពីការផ្តាំផ្ញេីសួរសុខទុក្ខរបស់សម្តេច និងលោកជំទាវ ជូនចំពោះលោកនាយក នាយករង យោធាចារ្យ គ្រូគ្រប់គ្រង និងបុគ្គលិកសាលាទាំងអស់។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ បានរំលឹកពីការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំរបស់សម្តេចមហាបវរធិបតី និងបានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ការងារកែទម្រង់ការងារហវឹកហ្វឺនកងទ័ព ជូនចំពោះយោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលាផងដែរ។

លោកឧត្តមសេនីយ៍ក៏បានរំលឹកដល់ថ្នាក់ដឹកនាំសាលា គណៈកម្មការ ធ្វើយ៉ាងណា យកថវិកា អង្ករ ប្រេងឥន្ធនៈទាំងនេះ ទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងរំលឹកដល់យោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកសាលាទាំងអស់ សូមឱ្យប្រឹងប្រែងបំពេញភារកិច្ច ថែរក្សាសុខភាពឱ្យបានល្អ ដើម្បីឆ្លើយតបការយកចិត្តទុកដាក់ខ្ពស់របស់សម្តេច និងបម្រើការងារហ្វឹកហ្វឺនបែបទំនើបកម្មប្រកបដោយប្រសិទ្ធភាព។

យោធាចារ្យ គ្រូគ្រប់គ្រង បុគ្គលិកទាំងអស់ មានសេចក្តីរីករាយជាខ្លាំង ហើយប្តេជ្ញាអនុវត្តភារកិច្ចឱ្យបានល្អ និងគាំទ្រការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេច និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ឱ្យជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕
ដោយ សំ សាម៉ន (ប្រភព៖ កងទ័ពជើងគោក)





