ពិធីផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បំពាក់សម្លៀកបំពាក់ និងវិទ្យុទាក់ទង ជូនប្រជាការពារ នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោធិបតីថ្លុកព្រីង
AKP កំពង់ធំ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ -- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំសហការីទៅផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បំពាក់សម្លៀកបំពាក់ និងវិទ្យុទាក់ទង ជូនដល់ប្រជាការពារនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំដោយមានការចូលរួមពីបងប្អូនអតីតយុទ្ធជន ដែលរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីងជាច្រើនរូប។

លោកវរសេនីយ៍ទោ ទិត ចាន់ នាយសេនាធិការរងទទួលបន្ទុកគ្រប់គ្រង និងសម្របសម្រួលបងប្អូនអតីតយុទ្ធជននៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ដោយបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង មានចំនួន២៤១ខ្នងផ្ទះ ដែលជាអំណោយរបស់សម្តេចតេជោ ធិបតី តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានចំនួន២៦៩គ្រួសារ មានសមាជិកគ្រួសារសរុបចំនួន ៧៥៤នាក់ (ស្រី៣៧៥នាក់) ហើយក្នុងចំនួននេះ បានរៀបចំជាកម្លាំងប្រជាការពារចំនួន ១២ នាក់ ដើម្បីសម្របសម្រួលក្នុងកិច្ចការថែរក្សាការពារសន្តិសុខ សុវត្ថិភាពជូនក្រុមគ្រួសារអតីតយុទ្ធជនយើង ដែលកន្លងទៅបានការជួយឧបត្ថម្ភសម្លៀកបំពាក់ និងវិទ្យុទាក់ទងពីឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងកោតសរសើរចំពោះបងប្អូនកម្លាំងប្រជាការពារទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសម្របសម្រួលការរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនរបស់យើងកន្លងទៅ បានយ៉ាងល្អប្រសើរ ដោយបានអនុវត្តល្អតាមតួនាទីភារកិច្ច ដែលមានចែងនៅក្នុងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលទាំង៧ ចំណុច និងបានណែនាំដល់បងប្អូនអតីតយុទ្ធជន និងកងកម្លាំងប្រជាការពារទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍តាមខ្លឹមសារគោលនយោបាយទាំង ៧ ចំណុចនេះ ឲ្យបានល្អ ដើម្បីក្នុងភូមិនៃមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីងរបស់យើង មានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ។ ជាមួយនេះដែរ កងកម្លាំងប្រជាការពារទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរដែនដីក្នុងមូលដ្ឋាន និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល នៅក្នុងឃុំរបស់យើងឲ្យបានល្អ និងត្រូវគោរពយ៉ាងមុឺងម៉ាត់តាមច្បាប់របស់រដ្ឋ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបំពាក់សម្លៀកបំពាក់ជូនប្រជាការពារចំនួន១២ សម្រាប់ ដែលជាអំណោយរបស់សប្បុរសជន មានលោក ជុំ វីរៈ អភិបាលរងស្រុកសន្ទុក ចំនួន ៦សម្រាប់ លោកវរសេនីយ៍ទោ ធិន សំកុល, លោកវរសេនីយ៍ត្រី លី ស៊ីណា និងលោកអនុសេនីយ៍ទោ ឌុំ វណ្ណដា នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ៦ សម្រាប់។ ដោយឡែកវិទ្យុទាក់ទងចំនួន១២ គ្រឿង ជាអំណោយរបស់ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងបានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគមួយចំនួនទៀតសម្រាប់ត្រៀមដោះស្រាយជូនបងប្អូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតផងដែរ៕
ដោយ ស៊ុម វណ្ណា





