អាជ្ញាធររាជធានីភ្នំពេញបានអនុញ្ញាតឱ្យអាជីវករដែលរងផលប៉ះពាល់គ្រោះអគ្គិភ័យនៅផ្សារនាគមាស ចូលទៅលក់នៅទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ -- លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ថា ផលប៉ះពាល់នៃគ្រោះអគ្គិភ័យនៅទីតាំងផ្សារនាគមាស កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ គឺមានការខូចខាតអស់ចំនួន២១១តូប ដែលជាប្រភេទតូប និងស្តង់លក់បន្លែ និងផ្លែឈើ ប៉ុន្តែមិនមានបង្កជារបួស ឬស្លាប់បាត់បង់ជីវិតមនុស្សនោះទេ។

លោកស្រីបន្ថែមថា ជាដំណោះស្រាយ គឺព្រឹកនេះតំណាងក្រុមហ៊ុនផ្សារ និងអាជ្ញាធរខណ្ឌទួលគោកបានចុះផ្សព្វផ្សាយអំពីដំណោះស្រាយ ក្នុងការរៀបចំជូនបងប្អូនអាជីវករដែលរងផលប៉ះពាល់ទាំងអស់មកលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន ដោយរង់ចាំម្ចាស់ផ្សារ និងអាជ្ញាធរធ្វើការសំអាតសំណល់រួចរាល់ ក្រុមហ៊ុនផ្សារនឹងសាងសង់តូបស្តង់ជូនអាជីវករទៅតាមទំហំ និងទីតាំងដែលមានកន្លងមកនៅកន្លែងដើមវិញ ដោយមិន មានការបង្ខិតបង្ខំ ឱ្យបងប្អូនអាជីវករទៅលក់ដូរនៅកន្លែងផ្សេងនោះឡើយ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា បងប្អូនអាជីវករទាំងអស់ពិតជាសប្បាយរីករាយ និងបានថ្លែងអំណរ គុណចំពោះការសម្របសម្រួលរបស់អាជ្ញាធរ និងបានទទួលយកតាមការរៀបចំនេះ ដោយមិនមានការតវ៉ាណាមួយឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្រោយប្រតិបត្តិការសង្រ្គោះ និងកំពុងស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា គ្រោះអគ្គិភ័យនៅទីតាំងផ្សារនាគមាសនេះ គឺមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានផ្ញើសារជូនជនឆ្លៀតឱកាស ជាពិសេសក្រុមប្រឆាំងក្រៅស្រុកមួយក្តាប់តូច កុំយកពេលមានទុក្ខលំបាករបស់បងប្អូនអាជីករ ទៅកេងចំណេញនយោបាយស្មោគគ្រោករបស់ខ្លួន ពួកគាត់កំពុងមានទុក្ខបាត់បង់ទ្រព្យសម្បតិ្ត និងខាតបង់ពេលវេលាប្រកបអាជីវកម្ម ហើយពួកគាត់បានដឹងច្បាស់ជាងគេទាំងអស់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារអ្វីនោះ៕
ដោយ សួស សំរិត





