យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ បានបន្តដំណើរផ្សព្វផ្សាយដល់សិស្សានុសិស្សនៃវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពតប្រមាណជាង ១ ៤០០ នាក់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦–
យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ បានបន្តដំណើររបស់តាមបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ យុទ្ធនាការជំហានទី២ ដែលដឹកនាំដោយក្រសួងព័ត៌មាន និងសម្របសម្រួលអនុវត្តដោយមន្ទីរព័ត៌មានខេត្តកំពត បានទៅដល់ស្រុកទឹកឈូ ដើម្បីពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពតចំនួនប្រមាណជាង ១ ៤០០ នាក់ ។

សិស្សានុសិស្សនៃវិទ្យាល័យត្រសេកកោងបានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណដល់ក្រសួង និងមន្ទីរព័ត៌មាន ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ដែលបានសហការរៀបចំយុទ្ធនាការដ៏មានសារៈសំខាន់នេះ និងបានផ្តល់ឱកាសដល់សិស្សនុសិស្សទទួលបានចំណេះដឹងអំពីរបៀបនៃការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ព្រមទាំងយល់ដឹងកាន់តែច្បាស់ពីវិធីសាស្ត្រក្នុងការបង្ការ ទប់ស្កាត់ និងចូលរួមប្រឆាំងនឹងព័ត៌មានមិនពិត (Fake News) នៅក្នុងយុគសម័យឌីជីថល។

យុទ្ធនាការជំហានទី២នេះ មិនត្រឹមតែផ្តល់នូវចំណេះដឹងជាមូលដ្ឋានគ្រឹះដ៏រឹងមាំទប់ទល់នឹងផ្សាយបែបបំពុល បំផ្លើស បំភ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផុសស្មារតីដល់យុវជនជំនាន់ក្រោយ ឱ្យក្លាយទៅជា «ភ្នាក់ងារសន្តិសុខឌីជីថល» ដ៏សកម្ម ក្នុងការផ្សព្វផ្សាយបន្តនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ និងរួមចំណែកកសាងបរិយាកាសព័ត៌មានប្រកបដោយសុវត្ថិភាព និងទំនុកចិត្តនៅក្នុងសង្គមជាតិទាំងមូលផងដែរ។

ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះវិហារ តាកែវ កំពង់ស្ពឺ កំពត និងបន្តទៅខេត្តនៅទូទាំងប្រទេសជាបន្តបន្ទាប់ យុទ្ធនាការជំហានទី២ បាន និងកំពុងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅកាន់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល និងការបង្កើនភាពស៊ាំរបស់ស្រទាប់យុវវ័យប្រឆាំងនឹងព័ត៌មានមិនពិត។ សកម្មភាពដ៏ផុលផុសនៅតាមបណ្តាវិទ្យាល័យនាពេលនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការចូលរួមក្នុងកិច្ចខិតខំដឹកនាំដោយក្រសួងព័ត៌មាន ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានសិក្សា ក្នុងការកសាងខែល«សុវត្ថិភាពព័ត៌មាន»ដ៏រឹងមាំក្នុងសង្គមកម្ពុជា៕
ដោយ៖ គង់ សិរីរ័ត្ន





