អ៊ីរ៉ង់នឹងចូលរួមក្នុងយន្តការត្រួតពិនិត្យបទឈប់បាញ់ថ្មីរបស់លីបង់
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មាន Mehr បានរាយការណ៍កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់នឹងបញ្ជូនតំណាងមួយរូបទៅកាន់យន្តការថ្មីមួយ ដែលត្រូវបានគេរំពឹងថានឹងត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យបទឈប់បាញ់នៅក្នុងប្រទេសលីបង់។
ដោយដកស្រង់ការកត់សម្គាល់របស់គណៈប្រតិភូចរចារបស់អ៊ីរ៉ង់សារព័ត៌មាន Mehr បាននិយាយថា ការចូលរួមរបស់ទីក្រុងតេអេរ៉ង់នៅក្នុងយន្តការត្រួតពិនិត្យបទឈប់បាញ់នេះ គឺស្ថិតនៅក្រោមការយោគយល់គ្នាដែលសម្រេចបានក្នុងអំឡុងពេលនៃកិច្ចចរចាដែលបានធ្វើឡើងនៅប្រទេសស្វីសរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា។
សារព័ត៌មាន Mehr បាននិយាយថា អ៊ីរ៉ង់បានក្លាយជាផ្នែកមួយនៃសមីការសន្តិសុខនៅក្នុងប្រទេសលីបង់ ហើយនឹងបញ្ជូនតំណាងមួយរូបទៅកាន់យន្តការដែលមានភារកិច្ចត្រួតពិនិត្យបទឈប់បាញ់។
ទីភ្នាក់ងារនេះបាននិយាយថា «អ៊ីស្រាអែលនឹងមិនមែនជាផ្នែកមួយនៃយន្តការនោះទេ»។
យន្តការត្រួតពិនិត្យបទឈប់បាញ់បច្ចុប្បន្នរួមមាន សហរដ្ឋអាមេរិកលីបង់ អ៊ីស្រាអែល និងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ(UNIFIL)។ យន្តការនេះបានបរាជ័យក្នុងការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តលើប្រទេសលីបង់។
ភាពស្ងប់ស្ងាត់ដោយប្រុងប្រយ័ត្នបានគ្របដណ្ដប់នៅភាគខាងត្បូងប្រទេសលីបង់ចាប់តាំងពីព្រឹកថ្ងៃអាទិត្យ ចំពេលដែលមានកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅក្នុងប្រទេសស្វីស។
យោងតាមអាជ្ញាធរលីបង់ បានឱ្យដឹងថា ការវាយលុកយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ បានសម្លាប់មនុស្សជាង ៤.០០០នាក់ របួសជាង ១២.០០០នាក់ និងបានធ្វើឱ្យប្រជាជនជាង ១លាននាក់ផ្លាស់ទីលំនៅចាប់តាំងពីថ្ងៃទី០២ ខែមីនា។
អ៊ីស្រាអែលកាន់កាប់តំបន់នានានៅភាគខាងត្បូងប្រទេសលីបង់ ដែលខ្លះមានរយៈពេលរាប់ទសវត្សរ៍ និងខ្លះទៀតចាប់តាំងពីសង្គ្រាមមុនរវាងឆ្នាំ២០២៣ និងឆ្នាំ២០២៤៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





