អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងគម្រោងស្នើសុំចុះបញ្ជី QIP ទី១៩ ក្នុងឆ្នាំ២០២៦
AKP ខេត្តព្រះសីហនុ ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៦–
លោក ឡុង ឌីម៉ង់ អភិ បាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រផលិតក្តារបន្ទះដែលមានទីតាំងនៅក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រ ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

លោក ឡ៧ង ឌីម៉ង់ អភិបាលរងខេត្ត បានថ្លែង ក្នុងនាមជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានស្វែងយល់លម្អិត ដើម្បីដោះស្រាយបញ្ហាប្រឈមដែលវិនិយោគិនបានជួបប្រទះ និងបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរ អង្គភាពពាក់ព័ន្ធខិតខំធ្វើយ៉ាងណាបង្កលក្ខណៈងាយ ស្រួលដល់អ្នកវិនិយោគ ដោយរក្សាទំនាក់ទំនងល្អ ជាពិសេសការសម្របសម្រួលនីតិវិធី ផ្តល់ការប្រឹក្សា និងត្រូវអនុវត្តការងារឱ្យបានឆាប់រហ័ស តាមស្មារតី «ធ្វើឱ្យលឿន ធ្វើឪ្យលះ បើស្ទះសុំគោលការណ៍»។

ជាមួយគ្នានោះដែរ លោកក៏បាន ជំរុញឱ្យអ្នកវិនិយោគដែលមាន ស្រាប់ ព្យាយាមអូសទាញអ្នកវិនិ យោគិនដទៃមកបណ្តាក់ទុននៅខេត្តព្រះសីហនុ។
លោក អភិបាលរង ក៏បានសំណូមពរឱ្យតំណាងក្រុមហ៊ុនផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងត្រូវភ្ជាប់សេវា ប.ស.ស.ជូនបុគ្គលិក និងកម្មករឱ្យបានត្រឹមត្រូវ ហើយត្រូវគិតគូរចំពោះបញ្ហាបរិស្ថាន និងសង្គមដែលអាចកើតមានឡើង។

តាមការបញ្ជាក់របស់ក្រុមហ៊ុន ការកែច្នៃក្តារនេះ មានទីផ្សារនាំ ចេញទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយនៅពេលអនុវត្តពេញសមត្ថភាព គម្រោង នេះ នឹងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៣០០កន្លែងនៅក្នុងតំបន់។
សូមជម្រាបថា ក្នុងឆ្នាំ២០២៦នេះ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានទទួលសំណើសុំចុះបញ្ជី QIP ចំនួន ១៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៥៣.៣៥ លានដុល្លារអាមេរិក៕
ដោយ ៖ ងូ សុមុនី





