កម្ពុជាអបអរទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៦ តាមរយៈការលើកស្ទួយកសិករជាស្ត្រី និងនវានុវត្តន៍វិស័យកសិកម្ម
AKPភ្នំពេញ៖ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦–
កម្ពុជាប្រារព្ធទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៦ នៅខេត្តរតនគិរី ក្នុងគោលបំណងចូលរួមអបអរ និងទទួលស្គាល់ពីគុណតម្លៃរបស់កសិករជាស្ត្រី ព្រមទាំងរួមចំណែកលើកកម្ពស់សន្តិសុខស្បៀងឱ្យកាន់តែមាននិរន្តរភាពសម្រាប់ពេលអនាគត។

ទិវាដែលមានភាគីជាច្រើនចូលរួមនេះគេឃើញមាន បណ្ដាស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សហគមន៍ជនជាតិដើមភាគតិច និងបងប្អូនប្រជាកសិករជាច្រើន ដោយប្រព្រឹត្តទៅក្រោមប្រធានបទជាសកល៖ “នវានុវត្តន៍ថ្ងៃនេះ ដើម្បីជីវភាពកាន់តែប្រសើរនៅថ្ងៃអនាគត”ដែលត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ចសហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) រួមជាមួយនឹងកម្មវិធីស្បៀងអាហារពិភពលោក (WFP)។

ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាទិវានេះបានបង្ហាញឱ្យឃើញពីប្រទេសកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកសិកម្ម ការធានាបានសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ និងចីរភាពបរិស្ថាន ដែលក្រសួងកសិកម្ម បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយអាទិភាព ក្នុងការដាក់ពង្រាយ មន្ត្រីកសិកម្មឃុំ និងការចងក្រង «សហគមន៍កសិកម្មទំនើប» សំដៅជួយឱ្យបងប្អូនកសិករមានទីផ្សារច្បាស់លាស់ និងទទួលបានប្រាក់ចំណេញខ្ពស់។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម និងអង្គការដៃគូ បានឱ្យដឹងថា នៅប្រទេសកម្ពុជា អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) កំពុងបំពេញការងារយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកសិកម្មដែលមានភាពធន់នឹងអាកាសធាតុ ក៏ដូចជាអនុវិស័យជលផលប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមទីជនបទឱ្យកាន់តែប្រសើរ។ តាមរយៈគម្រោងការបន្សុំា និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) កូនក្តាមសេះចំនួន ១.៣៦ លានក្បាលត្រូវបានលែងចូលក្នុងដែនទឹកសមុទ្រខេត្តកំពតក្នុងឆ្នាំ២០២៦ ដើម្បីគាំទ្រដល់ការស្តារធនធានជលផលសមុទ្រឡើងវិញ។
ជាមួយគ្នានេះ គម្រោងលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL) ក៏បានចែកគ្រាប់ពូជស្រូវដែលមានគុណភាពជាង ១៨៧០០គីឡូក្រាម ដែលការណ៍នេះជួយផលិតគ្រាប់ពូជស្រូវបានជាង ៥១៩តោន និងបង្កើតប្រាក់ចំណូលសុទ្ធប្រមាណ ១២៥០០០ដុល្លារអាមេរិក ដល់កសិករខ្នាតតូច៕
ដោយ៖មករា





