ក្រសួងអប់រំចង់ដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ចក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលអនាគត
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦–ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យលទ្ធភាពដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វ កិច្ចក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលអនាគត ខណៈក្រសួងមានចក្ខុវិស័យនឹងដាក់មុខវិជ្ជាភាសាបរទេស តួយ៉ាងភាសាអង់គ្លេស និងភាសាបារាំង ជាមុខវិជ្ជាកាតព្វកិច្ចក្នុងការប្រឡងសញ្ញា
បត្រមធ្យមសិក្សាទុតិយភូមិនាពេលអនាគត ព្រោះតែខ្លួនបានមើលឃើញពីសារៈសំខាន់នៃភាសាបរទេសសម្រាប់៖ ១.បំណិនទំនាក់ទំនងដែលត្រូវមានសមត្ថភាពទាំង៤ (ស្ដាប់ និយាយ អាន និងសរសេរ) ២. ពង្រីកវិសាលភាពការសិក្សាស្រាវជ្រាវទូលំទូលាយ និងទំនាក់ទំនងសកល ៣.ឆ្លើយតបនឹងបរិវត្តកម្មវិស័យសេដ្ឋកិច្ច សង្គម និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាក្នុងតំបន់ និងលើសកលលោក ៤.ឆ្លើយតបនឹងទីផ្សារការងារនាសតវត្សរ៍ទី២១ និង ៥.សិក្សាពេញមួយជីវិតប្រកបដោយការជឿជាក់ និងនវានុវត្តន៍។
ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់យកចិត្តទុកដាក់ពង្រឹងការអនុវត្តកម្មវិធីសិក្សាភាសាបរទេសឱ្យបានខ្លាំងក្លា និងម៉ត់ចត់ ដោយពង្រឹង និងពង្រីកបន្ថែមឈរលើមូលដ្ឋានធនធាន និងសក្ដានុពលដែលកំពុងអនុវត្តបច្ចុប្បន្ន និងកាលានុវត្តភាពថ្មីៗបន្ថែមទៀត។

សម្រាប់ជំហានបន្ទាប់ ដើម្បីឆ្ពោះទៅអនុវត្តយុទ្ធសាស្ត្រនេះប្រកបដោយប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍សម្រាប់ការអនុវត្តបន្តជូនដល់ក្រុមការងារ ដូចជា ១.សូមធ្វើការសិក្សាប្រមូលទិន្នន័យឱ្យច្បាស់ពីចំនួនសាលារៀនដែលកំពុងអនុវត្តកម្មវិធីសិក្សាភាសាបរទេស ដូចជា ភាសាអង់គ្លេស បារាំង ចិន និងភាសាផ្សេងៗទៀត ២.សូមធ្វើការសិក្សា និងវាយតម្លៃពីប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សាភាសាបរទេសតាមសាលារៀនបច្ចុប្បន្នពាក់ព័ន្ធនឹងម៉ោងរៀន សមត្ថភាពគ្រូបង្រៀន វិធីសាស្ត្របង្រៀន ការប្រើប្រាស់ធនធាន និងសៀវភៅសិក្សាគោល ៣.ការសិក្សា និងស្វែងយល់ច្បាស់ពីស្ថានភាពបច្ចុប្បន្នតាមសាលារៀននឹងអាចឱ្យក្រសួងដាក់ចេញកម្មវិធីបណ្ដុះបណ្ដាលគ្រូឆ្លើយតបនឹងតម្រូវការកម្រិតការបង្រៀន និងកែលម្អកម្មវិធីបង្រៀនចំគោលដៅ និង ៤.សូមដាក់ចេញនូវយុទ្ធសាស្ត្រពីរដាច់ពីគ្នាសម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា។ បន្ថែមពីលើនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានស្នើឱ្យបញ្ចូលការរៀនភាសាបរទេសទៅក្នុងថ្នាលរៀន PLP សម្រាប់បឋមសិក្សា និងផ្សារភ្ជាប់ការរៀន និងបង្រៀនជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយបានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងចក្ខុវិស័យនេះ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់នឹងត្រូវរៀបចំពិនិត្យឡើងវិញលើរចនាសម្ព័ន្ធ ម៉ោងសិក្សា សៀវភៅសិក្សា គ្រូបង្រៀន និងធនធាននានា ហើយការណែនាំលម្អិតនឹងមានចែងក្នុងសេចក្ដីណែនាំស្ដីពីការពង្រឹងការអនុវត្តកម្មវិធីសិក្សាភាសាបរទេសសម្រាប់គ្រឹះស្ថានបឋមសិក្សាចំណេះទូទៅ និងសេចក្ដីណែនាំស្ដីពីការពង្រឹងការអនុវត្តកម្មវិធីសិក្សាភាសាបរទេសសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





