លោកជំទាវ ម៉ែន នារីសោភ័គ ជួបសំណេះសំណាលនិងផ្សព្វផ្សាយស្តីពី“សុខភាពមនុស្សចាស់” ជូនដល់លោកយាយលោកតា
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦---
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី១ កាកបាទក្រហមកម្ពុជានិងក្រុមការងារ បានសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងនិងអនុសាខាស្រុកស្រែអំបិលនាថ្ងៃទី១១ខែ មិថុនាឆ្នាំ២០២៦នេះបានរៀបចំពិធីសំណេះ សំណាល និងផ្សព្វផ្សាយ ស្តីពី “សុខភាពមនុស្សចាស់” ជូនដល់លោកយាយលោកតា ជាចាស់ជរាគ្មានទីពឹងដែលមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ និងជនមានពិការភាពចំនួន ៣១គ្រួសារ រស់នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
ក្នុងឱកាសនោះ លោកយាយលោកតា និងទទួលបានការអប់រំផ្សព្វផ្សាយពីខ្លឹមសារសំខាន់ៗនៃសៀវភៅអប់រំសុខ ភាពមនុស្សចាស់ ដែលបានបង្ហាញនូវវិធីសាស្ត្រចំនួន៩ ដែលជាមគ្គុទ្ទេសក៍ក្នុងការកសាងទម្លាប់រស់នៅប្រកបដោយគុណភាព ការពារជំងឺដង្កាត់ និងការឈានទៅសម្រេចបាននូវអាយុយឺនយូរ។


លោកជំទាវថា វិធីសាស្ត្រគន្លឹះទាំង ៩ ចំណុចនោះរួមមាន៖
១. តុល្យភាពសមត្ថភាពការងារក្នុងដំណើរខ្សែជីវិត។
២. ការប៉ាន់ប្រមាណអំពីសុខភាពផ្ទាល់ខ្លួន។
៣. ការផ្លាស់ប្តូរការប្រព្រឹត្ត ។
៤. ការការពារជំងឺមិនឆ្លង។
៥. ការការពារការដួល។
៦. ការការពារភាពឯកោពីសង្គម។
៧. ការបរិភោគដើម្បីមានសុខភាពល្អ។
៨. ការហាត់ប្រាណជាប្រចាំ និង
៩. ការរៀនអំពីវិធីធ្វើឱ្យមានអាយុវែង។


បន្ថែមលើនេះ លោកយាយលោកតា ក៏មានការយល់ដឹងអំពីការផ្លាស់ប្តូររបបអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវស្របតាមវ័យ ដែលជាគន្លឹះដ៏សំខាន់បំផុតក្នុងការជួយឱ្យមនុស្សចាស់អាចរក្សាបាននូវសុខភាពមាំមួន បង្ការជំងឺរ៉ាំរ៉ៃ និងបង្កើនគុណភាពជីវិត ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវពាក្យស្លោក “ទម្លាប់រស់នៅល្អ និងស្រឡាញ់ខ្លួន ត្រូវស្ងួនចំណី”។
សូមជម្រាបជូនថាក្នុងឱកាសនោះគ្រួសារនីមួយៗក៏ទទួលបាននូវអំណោយជា៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, ប្រេងឆា ២ដប, ឃីត ១កញ្ចប់, អង្ករសុខភាព ៥កញ្ចប់ និងថវិកា ២០.០០០រៀល៕
ដោយពេជ្រ សំអឿន (ប្រភព៖កាកបាទក្រហមកម្ពុជា)





