សម្ដេចតេជោ ហ៊ុន សែន៖ ការផលិតសម្ភារៈយោធារបស់កម្ពុជា គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦–
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការផលិតសម្ភារៈយោធារបស់កម្ពុជា គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ ហើយក្រោយមានរោងចក្រផលិតសម្ភារៈយោធា DSS ទាំងកងកម្លាំងយោធា និងនគរបាល គឺពុំបាននាំសម្ភារៈ ឬអាវក្រោះមកពីប្រទេសក្រៅទៀតទេ គឺប្រើប្រាស់សម្ភារៈរបស់ខ្មែរផ្ទាល់តែម្ដង។ ករថ្លែងរបស់សម្ដេចតេជោ យ៉ាងដូច្នេះ ក្នុងខណៈអញ្ជើញមកពិនិត្យមើលដំណើរការរោងចក្រផលិតសម្ភារៈយោធា DSS និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ២០០នាក់ នៅខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

រោងចក្រ DSS ជារោងចក្រខ្មែរ ផលិតដល់កូនខ្មែរ និងកំពុងដំណើរការផលិតសម្ភារៈយោធានៅក្នុងខេត្តបាត់ដំបង ហើយ ក្នុងឱកាសអញ្ជើញពិនិត្យចង្វាក់ផលិតកម្ម នៃរោងចក្រ DSS ផលិតសម្ភារៈយោធានេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យមើលគ្រប់ដំណើរការនៃការផលិតសម្ភារៈយោធាទាំងអស់ ដែលក្នុងនោះរួមមានទាំងវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ រោងចក្រនេះ មានផលិតសម្ភារៈយោធាមួយចំនួនដូចជា អាវក្រោះ មួកការពារសុវត្ថិភាព។ ល។ សម្តេចតេជោក៏បានណែនាំឱ្យមានការលក់សម្ភារៈឯកសណ្ឋានយោធាដែលកម្ពុជាផលិតបាននៅទីនេះ លក់ទៅក្រៅប្រទេសនៅថ្ងៃខាងមុខ ប៉ុន្តែការលក់ទៅក្រៅប្រទេសនេះ ធ្វើបានតែទៅប្រទេស ដែលរដ្ឋាភិបាលប្រទេសនោះបានបញ្ជាក់ជាមួយកម្ពុជាតែប៉ុណ្ណោះ។ សម្ដេចតេជោក៏បានមានប្រសាសន៍អំពីគុណភាពអាវក្រោះដែលផលិតនៅកម្ពុជានេះ គឺមានស្តង់ដារអន្តរជាតិ ហើយអាវក្រោះនេះ ក៏ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាសាករួចហើយដែរ។ សម្ដេចតេជោបន្តទៀតថា ក្នុងរយៈពេលប្រមាណ៣ខែមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាទិញឯកសណ្ឋានយោធាពីរោងចក្រ DSS នេះ មានតម្លៃជាទឹកប្រាក់ប្រមាណ ៧,៥ លានដុល្លាររួចហើយ។

សម្តេចតេជោ បានបញ្ជាក់ទៀតថា សម្តេចនឹងបន្តជួយរាជរដ្ឋាភិបាលកម្ពុជា លើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខជាតិ និងវិស័យការពារជាតិ ដោយសម្តេចបញ្ជាក់ផងដែរថា ដូនតាខ្មែរធ្លាប់ធ្វើដល់អង្គរវត្តកាលពីបុរាណ ។ ដូច្នេះការផលិតត្រឹមសម្ភារៈយោធា នឹងមិនលំបាកសម្រាប់កូនខ្មែរជំនាន់នេះឡើយ។


សម្តេចតេជោបានបញ្ជាក់បន្ថែមថា កម្ពុជា មិនដែលឈ្លានពាន មិនដែលគំរាមកំហែងប្រទេសណានោះទេ។ សម្តេចតេជោបានអះអាងថា កម្ពុជាធ្លាប់នាំកងទ័ពចេញពីប្រទេសខ្លួន ប៉ុន្តែជាការចូលរួមរក្សាសន្តិភាពជាមួយ UN។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវ ដំណោះស្រាយដោយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជានោះដែរ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ខ្ជាប់ឥរិយាបថក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។ សម្តេចតេជោបានមានប្រសាសន៍បន្ថែមថា គោលដៅរបស់ប្រទេសកម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស៕
ដោយ៖ ជឹម ណារី





