អង្គការ World Vision ចុះទស្សនកិច្ចសិក្សាស្វែងយល់អំពីកម្មវិធីកិច្ចការពារកុមារនៅមូលដ្ឋាន
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--កម្មវិធីអភិវឌ្ឍន៍ស្រុកបូរីជលសារ នៃអង្គការទស្សន:ពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា World Vision បានសហការជាមួយ រដ្ឋបាលស្រុកបូរីជលសារ ខេត្តតាកែវ ក្នុងការទទួលស្វាគមន៍ប្រតិភូមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំអង្គការទស្សនពិភពលោកថ្នាក់ជាតិ ចុះទស្សនកិច្ចសិក្សាស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីកិច្ចការពារកុមារនៅមូលដ្ឋាន។

ប្រភពពីអង្គការ World Vision បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ថា ទស្សនកិច្ចនេះ ផ្តោតលើការពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធី យុវជន និងបំណិនជីវិត ជាពិសេសតួនាទីរបស់ គណៈកម្មាធិការកិច្ចការពារកុមារ (គ.ក.ន.ក.) ក្នុងការឆ្លើយតបទៅនឹងបញ្ហាអាទិភាពកិច្ចការពារកុមារនៅក្នុងសហគមន៍។

ជាពិសេស ប្រតិភូបានសិក្សាលើដំណើរការអនុវត្ត កិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ សាលារៀន និងសហគមន៍ ព្រមទាំងផលប៉ះពាល់ជាវិជ្ជមាន និងប្រសិទ្ធភាពនៃអន្តរាគមន៍នានា ក្នុងការបង្ការ ការពារ និងឆ្លើយតបចំពោះករណីកុមាររងហានិភ័យ។ កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសុខុមាលភាពកុមារ លើកកម្ពស់សិទ្ធិកុមារ និងគាំទ្រដល់កុមារ និងគ្រួសារងាយរងគ្រោះឱ្យទទួលបានការការពារ និងសេវាគាំទ្រសមស្របនៅក្នុងសហគមន៍។

ទស្សនកិច្ចសិក្សានេះ ក៏ជាឱកាសដ៏មានតម្លៃសម្រាប់ការចែករំលែកបទពិសោធន៍ អនុវត្តល្អៗ និងមេរៀនដែលទទួលបាន ដើម្បីបន្តពង្រឹងប្រព័ន្ធកិច្ចការពារកុមារឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាថា កុមារគ្រប់រូបរស់នៅក្នុងបរិយាកាសដែលមានសុវត្ថិភាព ក្តីស្រឡាញ់ និងឱកាសអភិវឌ្ឍសក្តានុពលបានពេញលេញ ៕
ដោយ៖ ណយ នឿន (ប្រភព៖World Vision)





