ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសរុបចំនួន ២.០០១នាក់ នៅខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សរុបចំនួន ២.០០១នាក់ នៅសាលវិមានប្រសិទ្ធពរ ខេត្តបាត់ដំបង។

ថ្ងៃនេះ និស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រ មានចំនួន ២.០០១នាក់ (នារី ១.២៥១នាក់)។ តាមការធ្វើ សម្រង់មតិនិស្សិតបញ្ចប់ការសិក្សា របស់ការិយាល័យធានាគុណភាពអប់រំផ្ទៃក្នុង នៃសាកលវិទ្យាល័យ រកឃើញថា និស្សិតជ័យលាភីនេះ ទទួលបានការសិក្សារៀនសូត្រ និងការបណ្តុះបណ្តាលត្រឹមត្រូវទៅតាមស្តង់ដាររបស់ក្រសួង អប់រំ យុវជន និងកីឡា និងគណកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា ដែលធ្វើឱ្យនិស្សិតមានគុណភាព និង ទទួលបានការងារធ្វើ។
ជាក់ស្តែងក្នុងចំណោមនិស្សិតកម្រិតបរិញ្ញាបត្រ ១.៨៧៩នាក់ មានការងារធ្វើ ចំនួន ១.២០១នាក់ ស្មើនឹង ៧៦% ក្នុងនោះ ៧% មានគំនិតច្នៃផលិតបង្កើតអាជីវកម្មខ្លួនឯង ជាសហគ្រិនភាព។ ក្នុងចំណោមនិស្សិតជ័យលាភី មាន និស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១៤៨នាក់ ( នារី ១៨៧នាក់) មានការងារធ្វើ ១៣១នាក់ ស្មើនឹង ៨៩,៩៤% ផងដែរ។
ឯនិស្សិតផ្សេងទៀត ក៏បានយកចំណេះដឹង និងជំនាញដែលមាន ទៅចូលរួមធ្វើការជាមួយក្រុមគ្រួសារ ធ្វើឱ្យផលិតភាពការងារកើនឡើង ទាំងក្នុងការដាំដុះ ការចិញ្ចឹមសត្វ និងអាជីវកម្មជួញដូររបស់ខ្លួនផងដែរ។
និស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១២២នាក់ មានការងាធ្វើគ្រប់ៗគ្នា និងកំពុងទទួលផលល្អប្រសើរ ពីការងារជាបន្តបន្ទាប់៕
ដោយ៖ គង់ សិរីរ័ត្ន





