អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹក និងជួបសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះតាមខ្នងផ្ទះ ក្នុងក្រុងសិរីសោភ័ណ
AKP បន្ទាយមានជ័យ ថ្ងៃទី០៨ខែតុលា ឆ្នាំ២០២៦– ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពទឹក និងជួបសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ តាមខ្នងផ្ទះ នៅក្នុងសង្កាត់ព្រះពន្លា សង្កាត់ទឹកថ្លា សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦។

ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្តែងនេះ ឯកឧត្តម អ៊ុំ រាត្រី បានយកចិត្តទុកដាក់សួរនាំអំពីស្ថានភាពរស់នៅ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីទឹកជំនន់ ដោយផ្តោតជាពិសេសលើតំបន់ទំនាប និងតំបន់ជិតមាត់ស្ទឹង ដែលទោះបីជាស្ថានភាពទឹកជំនន់បានស្រកចុះជាបន្តបន្ទាប់ក្តី ក៏ទឹកនៅមួយចំនួនមិនទាន់ស្រកអស់នៅឡើយ។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋដែលមិនទាន់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ និងប្រជាពលរដ្ឋដែលកំពុងរស់នៅតាមខ្នងផ្ទះ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព និងអនាម័យរស់នៅ ដើម្បីបង្ការជំងឺផ្សេងៗដែលអាចកើតមានក្រោយពេលទឹកជំនន់ស្រកចុះ។
ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវគោលការណ៍ «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត» ព្រមទាំងធ្វើអនាម័យជុំវិញលំនៅឋានជាប្រចាំ សម្អាតប្រភពទឹក និងបរិស្ថានរស់នៅ ដើម្បីកាត់បន្ថយហានិភ័យចំពោះសុខភាព ជាពិសេសនៅក្នុងអំឡុងពេលដែលសំណល់ទឹក និងភក់នៅតែមាននៅតាមតំបន់មួយចំនួន។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យអាណាព្យាបាលបង្កើនការប្រុងប្រយ័ត្នចំពោះកុមារតូចៗ ដោយមិនត្រូវបណ្ដែតបណ្ដោយឱ្យកូនចៅចុះលេងទឹក ឬចូលទៅកាន់តំបន់ដែលមានទឹកជ្រៅ និងមានចរន្តទឹកឡើយ ដើម្បីបង្ការករណីលង់ទឹកដែលអាចកើតឡើងដោយមិននឹកស្មានដល់។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ទោះបីទឹកជំនន់កំពុងស្រកចុះក៏ដោយ ក៏ប្រជាពលរដ្ឋមិនគួរមានការធ្វេសប្រហែសចំពោះសុវត្ថិភាពឡើយ ព្រោះតំបន់ទំនាប និងតំបន់ក្បែរមាត់ស្ទឹងមួយចំនួននៅតែមានទឹក ហើយស្ថានភាពបរិស្ថានក្រោយទឹកជំនន់អាចបង្កហានិភ័យផ្សេងៗ ប្រសិនបើមិនមានការប្រុងប្រយ័ត្ន និងការថែទាំអនាម័យឱ្យបានល្អ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុំ រាត្រី និងក្រុមការងារ បាននាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តចំពោះប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ។
មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយផ្តល់ជូនប្រជាការពារនៅក្នុងសង្កាត់កំពង់ស្វាយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសក្នុងអំឡុងពេលដែលមានស្ថានភាពទឹកជំនន់។
ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណចំពោះកម្លាំងប្រជាការពារដែលបានចូលរួមបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ទោះបីមានការងារប្រឈមនឹងស្ថានភាពលំបាកយ៉ាងណាក្តី។ ឯកឧត្តមបានចាត់ទុកការចូលរួមរបស់ប្រជាការពារថា ជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងគាំទ្រដល់ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»។

ការចុះពិនិត្យស្ថានភាពទឹក និងជួបសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់តាមខ្នងផ្ទះរបស់អាជ្ញាធរខេត្តនៅពេលនេះ ក៏ជាការបន្តពង្រឹងការយកចិត្តទុកដាក់លើសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ខណៈស្ថានភាពទឹកជំនន់កំពុងស្ថិតក្នុងដំណាក់កាលស្រកចុះ ប៉ុន្តែតំបន់ទំនាបមួយចំនួននៅតែត្រូវការការតាមដាន និងការប្រុងប្រយ័ត្នជាបន្តបន្ទាប់៕
ដោយ៖ ឈុន សារ៉ាត





