រដ្ឋបាលស្រុកកៀនស្វាយ រៀបចំសិក្ខាសាលា កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩
AKP កណ្ដាល ថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៦– រដ្ឋបាលស្រុកកៀនស្វាយ រៀបចំសិក្ខាសាលា កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ រួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងការអនុវត្ត ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ តាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។

ថ្លែងនៅក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់ស្រុកកៀនស្វាយ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា សិក្ខាសាលានេះ គឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងការអនុវត្ត ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ តាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ។
លោក ខុន សេរីរដ្ឋា បានបញ្ជាក់បន្តថា ចាប់តាំងពីមានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រហូតដល់បច្ចុប្បន្ននេះ មានគម្រោងជាច្រើនដែល ត្រូវបានស្នើឡើងនៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ-សង្កាត់ នៅថ្នាក់ក្រុង-ស្រុក និងទទួលបានការគាំទ្រជា បន្តបន្ទាប់ពីរដ្ឋបាលខេត្ត មន្ទីរជំនាញជុំវិញខេត្ត សប្បុរសជន និងអង្គការនានា ធ្វើឱ្យជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

គម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល ២០២៧-២០២៩ ស្រុកកៀនស្វាយបាន ស្នើឡើងមានចំនួន ៥៤គម្រោង ក្នុងនោះ ផ្នែកសេដ្ឋកិច្ច ២៣គម្រោង ផ្នែកសង្គមកិច្ចមាន ១៤គម្រោង ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការបន្សំនិងការប្រែប្រួលអាកាសធាតុ ៩គម្រោង និងផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ៨គម្រោង។
សម្រាប់គម្រោងជាអាទិភាពរបស់រដ្ឋបាលស្រុកកៀនស្វាយ និងឃុំទាំង៨ ដែលបានស្នើឡើងសម្រាប់ ឆ្នាំ២០២៧-២០២៩ លោក អភិបាលរងខេត្ត បានរំពឹងថា នឹងទទួលបានការគាំទ្រពីមន្ទីរ-អង្គភាព អង្គការ និងសប្បុរសជនទៅតាម លទ្ធភាព និងធនធានដែលមានដើម្បីជួយអភិវឌ្ឍភូមិ-ឃុំ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ពីព្រោះកន្លងមកការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាក្នុងឃុំ-សង្កាត់សុទ្ធតែមានការចូលរួមពីប្រជា នៅតាមសហគមន៍ ដែលតម្រូវការទាំងនោះបានឆ្លុះបញ្ចាំងនូវ បញ្ហា ឬតម្រូវការជាក់ស្តែងដែលបានកើត មាននៅក្នុងមូលដ្ឋាន ដូចនេះសូមលោក លោកស្រី មេត្តាយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចូលរួមគាំទ្រ ដើម្បីដោះស្រាយនូវរាល់បញ្ហាទាំងនោះឱ្យមានប្រសិទ្ធភាព។
អាជ្ញាធរស្រុក ឃុំ មន្ទីរពាក់ព័ន្ធ ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរ អង្គភាព ដើម្បីធ្វើការគាំទ្រគម្រោងរបស់សង្កាត់ដែលជា តម្រូវការនិងសំណូមពររបស់ប្រជាជន បន្ថែមពីលើនេះត្រូវយកចិត្ដទុកដាក់ត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ។ ហើយចំពោះគម្រោងដែលគ្រប់ឃុំបានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះមិនទាន់ ទទួលបានការគាំទ្រ ត្រូវបន្ដពិនិត្យពិភាក្សាគៀគររកធនធានសម្រាប់អនុវត្តបន្ថែមទៀត។

សូមជម្រាបផងដែរថា ជាលទ្ធផលក្នុងសិក្ខាសាលានេះ គម្រោងរបស់ស្រុកកៀនស្វាយ ទទួលបានការគាំទ្រ ៨ លើ ៥៤គម្រោង ក្នុងនោះ ក្នុងគម្រោង ៧ លើ ៥៤ ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





