អភិបាលខេត្តពោធិ៍សាត់ចុះពិនិត្យមើលវឌ្ឍនភាពការងារតុបតែងលម្អដើមឈើ និងការកែលម្អបរិស្ថាននៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់
AKP ពោធិ៍សាត់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេស រួមជាមួយរដ្ឋបាលក្រុងពោធិ៍សាត់ និងរដ្ឋបាលស្រុកកណ្តៀង ចុះពិនិត្យមើលវឌ្ឍនភាពការងារតុបតែងលម្អដើមឈើ និងការកែលម្អបរិស្ថាននៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់ ចាប់ពីស្ពានអាកាសវាងក្រុងត្រើយខាងកើតរហូតដល់ស្ពានវត្តពោធិ៍ ដើម្បីត្រៀមចាក់ដីទុកសម្រាប់ជាប្រយោជន៍សាធារណៈ និងសម្រាប់បងប្អូនប្រជាពលរដ្ឋដើរហាត់ប្រាណ និងធ្វើពិធីផ្សេងៗ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានផ្តល់អនុសាសន៍ និងណែនាំដល់ក្រុមការងារឱ្យយកចិត្តទុកដាក់ខ្ពស់លើការកាត់តម្រឹមមែកឈើឱ្យមានរបៀបរៀបរយ និងមានសោភ័ណភាពទាក់ទាញ ដោយបានបញ្ជាក់ថា ការងារតុបតែងនេះមិនត្រឹមតែធ្វើឡើងដើម្បីសម្រស់ក្រុងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃការថែរក្សាដើមឈើឱ្យមានការលូតលាស់ល្អ និងធានាបាននូវសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរ ឬហាត់ប្រាណនៅតាមដងស្ទឹងនេះផងដែរ។

ឯកឧត្តម បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រែក្លាយក្រុងពោធិ៍សាត់ឱ្យទៅជា "ក្រុងដែលមានការអភិវឌ្ឍ និងបរិស្ថានបៃតង" ខណៈកន្លងមក ឯកឧត្តមអភិបាលខេត្តតែងតែជំរុញឱ្យអាជ្ញាធរក្រុង និងមន្ទីរពាក់ព័ន្ធបន្តតាមដាន និងថែទាំសមិទ្ធផលនានាដែលមានស្រាប់ ព្រមទាំងបង្កើតថ្មីនូវសោភ័ណភាពប្លែកៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មហាជន៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់)





