ឯកឧត្តមអភិបាលខេត្តព្រះសីហនុអបអរសាទរសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ជាប់ចំណាត់ថ្នាក់ Tab 5 ថ្នាក់ជាតិ ឈានទៅទទួលចំណាត់ថ្នាក់លេខ១ នាពេលខាងមុខ
AKP ព្រះសីហនុ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ -- នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីរាជការមន្ទីរ អង្គភាពចុះពិនិត្យវឌ្ឍនភាពការងារសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ តាមការឱ្យដឹងពីលោកស្រីនាយិកាសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព សាលាមានលោកគ្រូ អ្នកគ្រូសរុបចំនួន ៥០នាក់ (ស្រី ៣២នាក់) ក្នុងនោះមត្តេយសិក្សាមានចំនួន ៨ថ្នាក់ មានសិស្សសរុបចំនួន ៤២៧នាក់ (ស្រី ២១៤នាក់) និងបឋមសិក្សាមានចំនួន ៣៦ថ្នាក់ មានសិស្សសរុបចំនួន ២.៤៨៦នាក់ (ស្រី ១.១១៧នាក់)។

ក្រោយពីការចុះវាយតម្លៃដល់ទីតាំងរបស់គណៈកម្មការវាយតម្លៃសេវាសាធារណៈគំរូរួចមក សាលាបានរៀបចំបំពេញបន្ថែមនូវឯកសារក្នុងក្រូណូស្តង់ដារទាំង៨ ដែលនៅខ្វះចន្លោះ កែលម្អស្លាយបទបង្ហាញដែលមិនទាន់បានល្អ ដើម្បីចែករំលែកដល់លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ ការថែទាំសួន និងកន្លែងនានាក្នុងបរិវេណសាលារៀន។ សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ទទួលបានចំណាត់ថ្នាក់ Top 5 នៅទូទាំងប្រទេសនៃការវាយតម្លៃសេវាសាធារណៈគំរូ ម្យ៉ាងទៀតការធ្វើបទបង្ហាញ Top 5 នាពេលកន្លងមក គណៈកម្មការវាយតម្លៃបានកោតសរសើរ ស្តីពីការធ្វើបទបង្ហាញរបស់សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព មានសិល្បៈគ្រប់គ្រាន់ក្នុងការធ្វើបទបង្ហាញឈានទៅជ្រើសរើសជាសាលាបំរើសេវាសាធារណគំរូនៅទូទាំងប្រទេស។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រួ និងអាណាព្យាបាលសិស្ស និងសប្បុរសជនដែលបានចូលរួមសហការកែលម្អអនាម័យ បរិស្ថាន នៅក្នុងបរិវេណសាលាសម្រាប់សិស្សានុសិស្ស ជាពិសេសកន្លែងសម្រាប់ក្មេងលេងក្នុងបរិវេណសាលាស្របតាមស្តង់ដារសាលាគំរូផងដែរ។


ឯកឧត្តមអភិបាលខេត្តព្រះសីហនុសង្ឃឹមថា គ្រប់យ៉ាងដែលយើងបានខិតខំនាពេលកន្លងមកនឹងទទួលបានជោគជ័យសម្រាប់សាលាផ្តលសេវាសាធារណៈគំរូ ហើយក៏ជាកិត្តិយសរបស់សាលា ក៏ដូចជាកិត្តិយសខេត្ត និងមាតាបិតាសិស្សទាំងអស់គ្នាផងដែរ ដែលបានចូលរួមជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូរបស់យើង ព្រោះកាសិក្សាត្រូវផ្សាភ្ជាប់ជាមួយអាណាព្យាបាលសិស្សផងដែរ ទើបការអប់រំមានគុណភាព ក៏ដូចគុណភាពសិក្សារបស់សិស្សរបស់យើង៕

ដោយ៖ ងូ សុមុនី





