ឯកឧត្តម នេត្រ ភក្ត្រា៖ ដើម្បីសម្លាប់ព័ត៌មានមិនពិត គឺមិនមានអ្វីក្រៅពីការដាក់ការពិតឱ្យបានរហ័សតាមដែលអាចធ្វើទៅបាននោះទេ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦–ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងមានប្រសាសន៍ថា ដើម្បីសម្លាប់ព័ត៌មានដែលមិនពិតគឺមិនមានអ្វីក្រៅពីការដាក់ការពិតឱ្យបានរហ័សតាមដែលអាចធ្វើទៅបាននោះទេ ដែលចំណុចនេះក្រសួងព័ត៌មានបានជម្រាបជូនរួចហើយទៅដល់ក្រសួង ស្ថាប័ន ដើម្បីឆ្លើយតប ឬក៏បំភ្លឺឱ្យទាន់ពេលវេលាទៅលើបញ្ហាទាំងឡាយណាដែលបានផ្សព្វផ្សាយដែលមិនត្រឹមត្រូវ ដើម្បីកុំឱ្យមានការយល់ច្រឡំនៅក្នុងចំណោមសាធារណជន។ ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានយ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ នៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ជាមួយនឹងការខិតខំប្រឹងខាងលើនេះគឺយើងបានផ្តល់នូវព័ត៌មានភ្លាមៗ ហើយពេលខ្លះក៏យើងត្រូវការនូវការផ្ទៀងផ្ទាត់ពីប្រភពដែលច្បាស់លាស់ផងដែរ។ ក្នុងក្របខណ្ឌនេះឯក ឧត្តមរដ្ឋមន្ត្រីបានសូមការយោគយល់ពីបងប្អូននៃអង្គភាពសារព័ត៌មានមួយចំនួន ព្រោះពេលខ្លះយើងក៏ត្រូវមានការផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ ដោយយើងមិនអាចប្រតិកម្មតបភ្លាមៗទៅនឹងការចុះផ្សាយរបស់សារព័ត៌មានមួយបានទេ នៅពេលដែលយើងមិនបានបញ្ជាក់ប្រភពឱ្យបានច្បាស់លាស់ ដែលចំណុចនេះយើងក៏បានសិក្សាផងដែរថាឥទ្ធិពល ឬក៏កម្រិតនៃខ្លឹមសារដែលផ្សព្វផ្សាយនៅលើបណ្តាញសារព័ត៌មានរបស់បរទេស ជាពិសេសគឺភាគីម្ខាងនោះ គឺពេលខ្លះព័ត៌មាននោះអត់ត្រឹមត្រូវទេ ជួនកាលថ្នាក់ដឹកនាំអត់បាននិយាយអ៊ីចឹងទេ តែផ្ទុយទៅវិញអង្គភាពសារព័ត៌មាននោះគឺបានចុះផ្សាយបំប៉ោង ឬក៏ប្រើប្រាស់ភាសាលើសពីអ្វីដែលជាខ្លឹមសារដើមរបស់ថ្នាក់ដឹកនាំបាននិយាយ ហើយប្រសិន បើយើងពុំបានផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ចំពោះប្រភពដើមទេ ហើយយើងបែរជាមានប្រតិកម្មឆ្លើយតបនោះវានឹងធ្វើឱ្យមានបញ្ហា ដោយសារប្រតិកម្មមិនស៊ីសង្វាក់ទៅនឹងអ្វីដែលជាការពិតជាក់ស្តែង ដែល ជួនកាលយើងឆ្លើយតបទៅនឹងអ្វីដែលមិនមែនជាការពិត វាអាចបង្កើតទៅជាការយល់ច្រឡំ ត្រង់ចំណុចនេះហើយតួនាទីរបស់អង្គភាពសារព័ត៌មានគឺដើរតួនាទីសំខាន់ណាស់នៅក្នុងការគ្រប់គ្រងទៅលើស្ថានភាព អង្គភាពសារព័ត៌មានគឺដើរតួនាទីសំខាន់ណាស់នៅក្នុងការគ្រប់គ្រងនូវភាពតានតឹង ឬក៏ការផ្សព្វផ្សាយព័ត៌មានទាំងឡាយណាដែលមិនមានលក្ខណៈបញ្ឆេះកំហឹង ឬបង្កើតឱ្យមានការយល់ច្រឡំ។ អ៊ីចឹងហើយបានជានៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃនាពេលកន្លងទៅគឺតែងតែមានការកំណត់នៅក្នុងការគ្រប់គ្រងទៅលើការផ្សព្វផ្សាយព័ត៌មាន កុំឱ្យមានការផ្សព្វផ្សាយនូវព័ត៌មាន ក្លែងក្លាយដែលនាំឱ្យមានភាពតានតឹង។

សម្រាប់យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាបានផ្តោតជាសំខាន់ទៅលើយុវវ័យ ដើម្បីឱ្យពួកគេចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាព បន្ទាប់ពីជំហានទី១ យើងបានធ្វើរួចហើយចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦៕

ដោយ៖ ចាន់ សុភឿន , រូបថត៖ សំ សាម៉ន





