មន្ត្រីឧទ្យានុរក្សបង្កើនសកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃ "ព្រៃឡង់"
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦–ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្ស សហការជាមួយសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការខេត្តស្ទឹងត្រែង អាជ្ញាធរមូលដ្ឋាន បានធ្វើការចុះពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។ ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង បានឱ្យដឹងថា ក្នុងប្រតិបត្តិការណ៍ខាងលើ ធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ ការថែរក្សាប្រព័ន្ធអេកូឡូស៊ីមានស្ថេរភាព និងការពារជីវចម្រុះឱ្យជៀសផុតពីការផុតពូជ ជាពិសេស ប្រភេទសត្វ និងរុក្ខជាតិកម្រៗនៅក្នុងតំបន់ព្រៃឡង់។

លោកថាការពង្រឹងការអភិរក្សព្រៃឡង់ គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន ដោយមានការសហការជាមួយដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីការពារធនធានធម្មជាតិ និងជីវៈចម្រុះ សម្រាប់បច្ចុប្បន្ន និងអនាគត។ ក្នុងពេលចុះប្រតិបត្តិការ ក្រុមការងារ បានធ្វើការដោះខ្សែអន្ទាក់ប្រភេទហ្វ្រាងកងចំនួន៥៤ខ្សែ ដែលជនសង្ស័យដាក់យកសត្វ។ បន្ទាប់មកក្រុមការងារបានបន្តល្បាត និងពុំបានឃើញមានបទល្មើសកាប់ឈើ គួរឱ្យសង្ស័យឡើយ។
លោក ស្រេង ជាហេង បានបញ្ជាក់បន្ថែមថា ការអភិរក្សព្រៃឡង់ គឺជាកិច្ចការដ៏សំខាន់សម្រាប់ការពារ ដែនជម្រកសត្វព្រៃព្រៃឡង់ ដែលមានផ្ទៃដីសរុបប្រមាណ ៤៨៩,៦៣៣ ហិកតា គ្របដណ្ដប់លើខេត្តចំនួន ៤ រួមមាន កំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។ តំបន់នេះត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារការពារធម្មជាតិដ៏សំខាន់ ដើម្បីថែរក្សាជីវៈចម្រុះ និងបេតិកភណ្ឌធម្មជាតិ។

សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង មានចំនួន ៩តំបន់ (ឧទ្យានជាតិ ២តំបន់, ដែនជម្រកសត្វព្រៃ ៤តំបន់, តំបន់ប្រើប្រាស់ច្រើនយ៉ាង ១តំបន់, តំបន់ការពារទេសភាព ១តំបន់ និងតំបន់រ៉ាមសារ ១តំបន់) ផ្ទៃដីសរុបចំនួន ៧០៩ ៣៥១.៦៨ហិកតា និងសហគមន៍តំបន់ការពារធម្មជាតិចំនួន ៧សហគមន៍(ទាល់, អន្លង់ភេ, ផ្អាវ, អង្លន់ជ្រៃ, គីរីសុខសាន្ត, អូរចាយ និងអូរកាពីន)។
ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៦ នេះ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានសហការជាមួយភាគីពាក់ព័ន្ធ ធ្វើការល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ចំនួន ៩១ករណី និងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចំនួន ៤៣ករណី ក្នុងនោះ៖បទល្មើសព្រៃឈើ ចំនួន ០២ករណី និងការកាប់ទន្ទ្រានព្រៃយកដីរដ្ឋដោយខុសច្បាប់ ចំនួន ៣៥ករណី៕

ដោយ៖ មករា





