អតិថិជនក្រុមហ៊ុនជនជាតិចិន បានបង្កភាពអនាធិបតេយ្យ បិទផ្លូវសាធារណៈ នៅមុខធនាគារជាតិ ប្រើប្រាស់អំពើហិង្សា វាយលើអាជ្ញាធរមានសមត្ថកិច្ចខណៈចុះអន្តរាគមបើកផ្លូវ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦–អតិថិជនក្រុមហ៊ុន ហួយវ័ន ជាជនជាតិចិនមួយក្រុម បានបង្កភាពអនាធិបតេយ្យ ដោយបិទផ្លូវសាធារណៈ នៅមុខធនាគារជាតិនៃកម្ពុជាមិនឱ្យពលរដ្ឋធ្វើដំណើរបាន ថែមទាំងប្រើប្រាស់អំពើហិង្សា វាយលើអាជ្ញាធរមានសមត្ថកិច្ច ខណៈចុះអន្តរាគមបើកផ្លូវ។
ហេតុការណ៍ប្រើអំពើហិង្សា និងបិទផ្លូវសាធារណៈខាងលើនេះ កើតឡើង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លៀង ខណ្ឌសែន សុខ រាជធានីភ្នំពេញ នៅមុខធនាគារជាតិនៃកម្ពុជា ។
សមត្ថកិច្ចបានឱ្យដឹងថា ៖មូលហេតុដែលអតិថិជនក្រុមហ៊ុនហួយវ័ន បានមកប្រមូលផ្តុំ គ្នានៅមុខធនាគារជាតិនៃកម្ពុជាដើម្បីដាក់បន្ទុកឱ្យធនាគារជាតិ ជំរុញឱ្យមានការដោះស្រាយ សងប្រាក់ត្រឡប់មកពួកគេវិញ ដោយធ្វើការបិទផ្លូវសាធារណៈដោយខុសច្បាប់ ទោះបីជាអាជ្ញាធរ មានការហាមឃាត់យ៉ាងណាក៏ដោយ ។


សូមបញ្ជាក់ថា៖កន្លងមកធនាគារជាតិនៃកម្ពុជាបានជូនដំណឹងថា ករណីក្រុមហ៊ុន ហួយវ័ន ផេ ពុំស្ថិតក្រោមសមត្ថកិច្ច របស់ធនាគារជាតិទៀតឡើយ តែសម្រាប់បុគ្គល ដែលរងគ្រោះក្នុងក្រុមហ៊ុនអេច ផេ ត្រូវទៅចុះឈ្មោះផ្តល់ព័ត៌មានជូនក្រុមហ៊ុនកំពុងជម្រះបញ្ជី៕


ដោយ៖ សួស សំរិត





