រដ្ឋបាលក្រុងព្រះវិហារបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបំពាក់ស្ទីកគ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃ ចំនួន១០០គ្រឿងជូនប្រជាពលរដ្ឋ ក្នុងក្រុងព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦-- រដ្ឋបាលក្រុងព្រះវិហារសហការជាមួយនគរបាលចរាចរណ៍ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងបំពាក់ស្ទីកគ័រចំណាំងផ្លាតលើគោយន្ដកន្ដ្រៃ ចំនួន១០០គ្រឿង ជូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំងពីរ ក្នុងក្រុងព្រះវិហារ។ សកម្មភាពនេះបានធ្វើឡើងនៅបរិវេណសាលាក្រុងព្រះវិហារ ក្រោមអធិបតីភាពលោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ។


លោក ប៉ុក ងួន បានលើកឡើងថា កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងបំពាក់ស្ទីកគ័រចំណាំងផ្លាតលើគោយន្ដកន្ដ្រៃ ចំនួន១០០គ្រឿង ជូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំងពីរ ក្នុងក្រុងព្រះវិហារនាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវ និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរនៅពេលយប់របស់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់គោយន្តកន្ត្រៃឱ្យកាន់តែប្រសើរឡើង៕

ដោយ ទិត ស្រ៊





