មហាសាមគ្គីអបអរសាទរទិវាបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជួន ណាត និងក្រុមប្រជំនុំព្រះត្រៃបិដកខ្មែរ លើកទី២ នៅវត្តខ្ចាស់
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦-- ក្នុងស្មារតីតបស្នងសងគុណចំពោះបុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវមរតកវិជ្ជា និងធម្មវិជ្ជាមិនអាចកាត់ថ្លៃបាន នាព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦ នេះ វត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់ ស្ថិតក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យបានរៀបចំពិធីបុណ្យរំឭកខួបព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ្យ ជោតញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី២។

ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយលោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ និងលោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ ព្រមទាំងមន្ត្រីរាជការ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោក យឹម សំណាង អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្ដួចផ្ដើមក្នុងការរៀបចំពិធីបុណ្យនេះឡើង។ លោកបានបញ្ជាក់ថា សម្ដេចព្រះសង្ឃរាជ្យ ជួន ណាត គឺជា "មហាវីរបុរសអក្សរសាស្ត្រ" ដែលបានសង្គ្រោះអត្តសញ្ញាណជាតិខ្មែរឱ្យរស់រានមានជីវិតឡើងវិញ តាមរយៈការចងក្រងវចនានុក្រមខ្មែរ និងការប្រែសម្រួលព្រះត្រៃបិដកជាភាសាខ្មែរ។

លោកបានបន្ថែមថាការរៀបចំពិធីបុណ្យនៅថ្ងៃនេះ មិនត្រឹមតែជាការរំឭកគុណប៉ុណ្ណោះទេ ប៉ុន្តែគឺជាការក្រើនរំឭកដល់កូនខ្មែរគ្រប់រូប ឱ្យរួមគ្នាថែរក្សាការពារអក្សរសាស្ត្រ វប្បធម៌ និងសាសនា ដែលជាព្រលឹងជាតិឱ្យបានគង់វង្ស។ រដ្ឋបាលខេត្តបន្ទាយមានជ័យតែងតែគាំទ្រជានិច្ចនូវរាល់សកម្មភាពដែលលើកកម្ពស់វិស័យពុទ្ធចក្រ ព្រោះកាលណាពុទ្ធចក្ររឹងមាំ អាណាចក្រក៏មានសន្តិភាព និងការអភិវឌ្ឍប្រកបដោយធម៌ផងដែរ។
ព្រះធម្មាលង្ការមុនី ចាន់ សុជន បានមានសង្ឃដីកាថា "ព្រះត្រៃបិដក និងសម្តេចព្រះសង្ឃរាជ គឺជាពន្លឺនៃបញ្ញា"។ ជាម្ចាស់ដើមទាន និងជាអ្នកដឹកនាំផ្ទាល់ក្នុងការរៀបចំពិធីនេះ ព្រះធម្មាលង្ការមុនី ចាន់ សុជន ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល (ខ្ចាស់) បានមានសង្ឃដីកាប្រកបដោយអត្ថន័យជ្រាលជ្រៅថា ការប្រារព្ធលើកទី២នេះ ធ្វើឡើងដើម្បីឱ្យយុវជន និងពុទ្ធបរិស័ទជំនាន់ក្រោយយល់ច្បាស់ពីតម្លៃនៃ "ក្រុមប្រជំនុំព្រះត្រៃបិដកខ្មែរ"។

ព្រះអង្គបានបញ្ជាក់ថា សម្តេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដក បានលះបង់កម្លាំងកាយចិត្តយ៉ាងធំធេង ដើម្បីចម្លងព្រះធម៌ពីបាលីមកជាសម្រាយខ្មែរ ដែលជាការផ្ដល់នូវពន្លឺបញ្ញាដល់កូនខ្មែរគ្រប់រូបក្នុងការសិក្សារៀនសូត្រ។ វត្តខ្ចាស់ នឹងបន្តបេសកកម្មនេះ ដើម្បីក្លាយជាមជ្ឈមណ្ឌលនៃការរៀនសូត្រ ទាំងផ្នែកធម៌វិន័យ និងចំណេះដឹងទូទៅ ស្របតាមគន្លងដែលព្រះអង្គបានបន្សល់ទុក។
ពិធីបុណ្យនេះបានបង្ហាញឱ្យឃើញពីភាពសុខដុមរមនារវាងសាសនា និងរដ្ឋបាលសាធារណៈ ក្នុងការរួមសហការគ្នាលើកស្ទួយតម្លៃអប់រំ និងសីលធម៌សង្គម។ តាមរយៈការរំឭកគុណសម្ដេចព្រះសង្ឃរាជ្យ ជោតញាណោ ជួន ណាត គឺជាការបណ្តុះស្មារតីស្នេហាជាតិ ស្នេហាអក្សរសាស្ត្រ និងការដឹងគុណដែលជាមង្គលដ៏ឧត្តមបំផុតសម្រាប់សង្គមជាតិខ្មែរទាំងមូល។

គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីនេះក៏មានការសូត្រមន្ត រាប់បាត្រ និងការសម្ដែងធម៌ទេសនា ដើម្បីឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះសង្ឃរាជ និងបុព្វបុរសខ្មែរគ្រប់ព្រះអង្គ/រូប ដែលបានលះបង់ដើម្បីជាតិ និងសាសនា៕
ដោយ ឈុន សារ៉ាត





