រដ្ឋមន្ត្រីការបរទេសតួកគីពិភាក្សាអំពីសង្គ្រាមអ៊ីរ៉ង់ជាមួយសមភាគីអេហ្ស៊ីប ន័រវេស ប៉ាគីស្ថាន និងអារ៉ាប៊ីសាអូឌីត
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ -- ប្រភពការទូតតួកគីបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការបរទេសតួកគីបានធ្វើការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយសមភាគីអេហ្ស៊ីប ន័រវេស ប៉ាគីស្ថាន និងអារ៉ាប៊ីសាអូឌីត ស្តីពីជម្លោះអ៊ីរ៉ង់ដែលកំពុងបន្ត។
ប្រភពទាំងនោះបាននិយាយថា ការសន្ទនារបស់លោក ហាកាន ហ្វីដាន (Hakan Fidan) ជាមួយលោក បាដឺ អាប់ដេលឡាតទី (Badr Abdelatty) របស់ប្រទេសអេហ្ស៊ីប លោក អេស្ពេន បាតអ៊ីដ (Espen Barth Eide) របស់ប្រទេសន័រវេស និងលោក ហ្វៃសាល ប៊ីន ហ្វាហាន (Faisal bin Farhan) របស់ប្រទេសអារ៉ាប៊ីសាអូឌីតបានផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់សង្គ្រាម។
ប្រភពទាំងនោះបានបន្ថែមថា នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយផ្សេងទៀតជាមួយ លោក អ៊ីសាក ដារ (Ishaq Dar) របស់ប្រទេសប៉ាគីស្ថាន រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពចុងក្រោយបំផុតនៅក្នុងសង្គ្រាម។
ការកើនឡើងក្នុងតំបន់បានបន្តចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុករួមគ្នាលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈដែលរហូតមកដល់ពេលនេះបានសម្លាប់មនុស្សជាង ១.៣០០នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមីណី (Ali Khamenei) ផងដែរ។
ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលកំណត់គោលដៅលើអ៊ីស្រាអែល រួមជាមួយប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងប្រទេសជាប់ឈូងសមុទ្រដែលមានទ្រព្យសម្បត្តិយោធាអាម៉េរិក ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ហើយរំខានដល់ទីផ្សារសកល និងវិស័យអាកាសចរណ៍៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





