ក្រុម U17 កម្ពុជាមកដល់មាតុប្រទេសវិញ ក្រោយធ្លាក់ចេញត្រឹមវគ្គចែកពូល ASEAN U17 BOYS’ CHAMPIONSHIP 2026
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦--ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៧ឆ្នាំ ក្រោមការដឹកនាំពីគ្រូបង្គោល លោក ខែក ខេមរិន្ទ បានវិលត្រឡប់មកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់បេសកកម្ម នៅក្នុងការប្រកួតកីឡាបាល់ទាត់ជើងឯកយុវជនអាស៊ានក្រោម១៧ឆ្នាំ (ASEAN U17 BOYS’ CHAMPIONSHIP 2026) នៅប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី១១-២៤ ខែមេសា ឆ្នាំ២០២៦។

ក្រុម U17 កម្ពុជា ស្ថិតនៅក្នុងពូល C ដែលមាន៤ក្រុម គឺកម្ពុជាបានឈ្នះ១ប្រកួតជាមួយក្រុមព្រុយណេ ១-០, ស្មើជាមួយក្រុមសឹង្ហបុរី ០-០ ហើយបានចាញ់ក្រុមខ្លាំងប្រចាំពូល អូស្ត្រាលី ០-២។ ឆ្លងកាត់៣ប្រកួត ក្រុមកម្ពុជាឈរលេខ៣ មាន៤ពិន្ទុស្មើជាមួយសិង្ហបុរី ដែលឈរលេខ២ មាន៤ពិន្ទុដែរ ប៉ុន្តែមិនមានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ។ ក្រោយបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលទាំង៣ គឺ៤ក្រុមត្រូវឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី២២ ខែមេសា រួមមាន៖ ក្រុមឡាវ (លេខ១ពូល B) ប៉ះ ក្រុមម៉ាឡេស៊ី (លេខ២ល្អផ្តាច់គេ) ខណៈក្រុមវៀតណាម (លេខ១ពូល B) ត្រូវប្រជែងជាមួយក្រុមលេខ១មកពីពូល C អូស្ត្រាលី។

គួរបញ្ជាក់ថា ២ក្រុមឈ្នះៗនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវឡើងទៅប្រជែងជើងឯក នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ខណៈ២ក្រុមចាញ់ៗនឹងត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣។ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ាន រដូវកាល ២០២៦នេះមាន១២ក្រុមចូលរួមជើងឯក ក្នុងនោះ១១ក្រុមស្ថិតក្នុងតំបន់អាស៊ាន បូកក្រុមអូស្ត្រាលី ដោយចែកចេញជា៣ពូល៕


ដោយ ហេង ណាលីន (រូបភាព៖ FFC)





