ក្រសួងកសិកម្ម បើកបង្ហាញទស្សនទាន «សហគមន៍កសិកម្មទំនើប» ជូនបងប្អូនជនភៀសសឹកនៅស្រុកស្វាយចេក ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែរឹងមាំ
AKPបន្ទាយមានជ័យថ្ងៃទី២១ខែមេសាឆ្នាំ២០២៦--ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិ ការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយផ្ទាល់អំពីទស្សនទាននៃ «ការរៀបចំសហគ មន៍កសិកម្មទំនើប» ជូនដល់បងប្អូនជនភៀសសឹក ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយ មានជ័យកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្ត រួមជាមួយប្រតិភូអមដំណើរ អភិបាលរងស្រុកអូរជ្រៅ ស្រុកថ្មពួក មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងយ៉ាងច្បាស់អំពីគោល បំណងសំខាន់នៃយុទ្ធសាស្ត្រថ្មីរបស់ក្រសួងកសិកម្ម ដែលផ្តោតលើការផ្លាស់ប្តូរទម្លាប់ពីការធ្វើកសិកម្មបែបគ្រួសារ មកជាការធ្វើកសិកម្មបែបសហគមន៍ទំនើប។ ចំណុចគន្លឹះរួមមាន ការរួមគ្នាតែមួយ ការចងក្រងជាសហគមន៍ទំនើប ជួយឱ្យកសិករមានអំណាចក្នុងការចរចាតម្លៃទីផ្សារ និងកាត់បន្ថយថ្លៃដើមផលិតកម្ម។បច្ចេកទេស និងទីផ្សារ រដ្ឋនឹងជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេសទំនើប និងធានាបាននូវខ្សែច្រវាក់ផលិតកម្មដែលមានទីផ្សារច្បាស់លាស់ មិនទុកឱ្យកសិករធ្វើស្រែចម្ការតាមវាសនាទៀតឡើយ។

ការគិតគូរដល់ជនភៀសសឹក ការជ្រើសរើសទីតាំងភូមិស្លក្រាម ជាសញ្ញាណវិជ្ជមានក្នុងការផ្ដល់ឱកាសឱ្យបងប្អូនជនភៀសសឹក មានលទ្ធភាពកសាងជីវភាពថ្មីតាមរយៈរបរកសិកម្មដែលមានស្ថិរភាព និងប្រាក់ចំណូលខ្ពស់។

ឯកឧត្តម ឃឹម ហ្វីណង់បន្ថែមទៀតថា សហគមន៍កសិកម្មទំនើប មិនមែនគ្រាន់តែជាការធ្វើកសិកម្មរួមគ្នានោះទេ ប៉ុន្តែគឺជាការរៀបចំខ្សែច្រវាក់តម្លៃមួយដែលធានាថា កសិករមានចំណូលពិត ប្រាកដ និងមាននិរន្តរភាពសេដ្ឋកិច្ច។
ជាមួយនោះលោក ឃ្លោក នួយ អភិ បាលរងខេត្ត ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ និងបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហការគ្នាឱ្យបានស្អិតរមួត ដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាគំរូនៃសហគមន៍កសិកម្មទំនើប។
សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិ បាល តាមរយៈក្រសួងកសិកម្ម ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជា ពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ជាពិសេសបងប្អូនដែលធ្លាប់ឆ្លងកាត់ការលំបាកឱ្យមានក្តីសង្ឃឹម និងឱកាសសេដ្ឋកិច្ចថ្មីក្នុងវិស័យកសិកម្ម៕
ដោយ ៖ឈុនសារ៉ាត





