រដ្ឋបាលខេត្តឧត្តរមានជ័យ សហការជាមួយក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យវាយតម្លៃឡើងវិញលើការងារគ្រប់គ្រងមណ្ឌលសុវត្ថិភាព និងការត្រៀមបង្ការក្នុងគ្រាអាសន្នកើតឡើងដោយយថាហេតុ
AKP ឧត្តរមានជ័យ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦--
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារ ទទួលស្វាគមន៍ប្រតិភូនៃក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីប្រជុំពិនិត្យ និងវាយតម្លៃឡើងវិញ មណ្ឌលសុវត្ថិភាពជនភៀសសឹក ដែលបានរៀបចំនាពេលកន្លងមកដើម្បីស្តារឡើងវិញនូវប្រព័ន្ធទឹក-ប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធនានា និងសេវាសុខាភិ បាល បរិស្ថាន អនាម័យ ការរៀបចំប្រព័ន្ធដឹកជញ្ជូនសម្រាប់ការជម្លៀស ប្រជាពលរដ្ឋ ការត្រៀម ស្បៀង ថ្នាំពេទ្យជាដើម នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យកាលពីថ្ងៃសុក្រទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។

ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យឡើងវិញនូវចំណុចខ្លាំង និងចំណុចខ្វះខាតនៃការរៀបចំមណ្ឌលសុវត្ថិភាពកន្លងមក និងស្វែងរកដំណោះស្រាយបំពេញបន្ថែមឱ្យកាន់តែមានប្រសិទ្ធភាព។ ជាពិសេស ការស្តារប្រព័ន្ធទឹក ប្រព័ន្ធលូ និងហេដ្ឋារចនា សម្ព័ន្ធជុំវិញមណ្ឌល ដើម្បីបង្ការការលិចលង់ និងធានាការផ្គត់ផ្គង់ទឹកស្អាត។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ទៀតថា ការពង្រឹងសេវាសុខាភិបាល និងបរិស្ថានអនាម័យ តាមរយៈការរៀបចំក្រុមគ្រូពេទ្យប្រចាំការ ការគ្រប់គ្រងកាកសំណល់ និងការថែរក្សាបរិស្ថានឱ្យមានអនាម័យល្អ គឺមានសារៈសំខាន់ក្នុងការទប់ស្កាត់ជំងឺផ្សេងៗ។ ការរៀបចំផែនការដឹកជញ្ជូនឱ្យបានច្បាស់លាស់ និងការស្តុកទុកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងឱសថចាំបាច់ឱ្យបានគ្រប់គ្រាន់ ក៏ជាកត្តាចាំ បាច់សម្រាប់ការជម្លៀសប្រជាពលរដ្ឋពីតំបន់ប្រឈមមកកាន់ទីតាំងមានសុវត្ថិភាព។
ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំរបស់ឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់លើការងារសន្តិសុខ សុវត្ថិភាព និងការងារមនុស្សធម៌ក្នុងការជួយស ង្គ្រោះប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ដោយសារខេត្តឧត្តរមានជ័យ ជាខេត្តជាប់ព្រំដែន ការត្រៀមលក្ខណៈជាមុនលើគ្រប់វិស័យ រួមទាំងស្បៀងអាហារ ថ្នាំសង្កូវ ប្រព័ន្ធដឹកជញ្ជូន និងលក្ខខណ្ឌអនាម័យនៅក្នុងមណ្ឌលសុវត្ថិភាព គឺជាកត្តាសំខាន់ដែលមិនអាចមើលរំលងបានឡើយ។ ក្រុមការងារខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធ ធ្វើបច្ចុប្បន្នភាពផែនការសកម្មភាព និងចុះពិនិត្យជាក់ស្តែងជាប្រចាំ ដើម្បីធានាថាប្រព័ន្ធគាំទ្រនានា ឆ្លើយតបទាន់ពេលវេលា នៅពេលមានស្ថានការណ៍គ្រាអាសន្នណាមួយកើតឡើង៕

ដោយ៖ ទិត ស្រ៊





