លោក ឡាវរ៉ូវ៖ រុស្ស៊ីរំពឹងថា នាយករដ្ឋមន្ត្រីឥណ្ឌានឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនៅក្នុងឆ្នាំនេះ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយកាលពីថ្ងៃចន្ទថាប្រទេសរុស្ស៊ីរំពឹងថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនៅក្នុងឆ្នាំនេះ។
លោក ឡាវរ៉ូវ បានថ្លែងនៅក្នុងសារវីដេអូមួយទៅកាន់អ្នកចូលរួមសន្និសីទរុស្ស៊ី និងឥណ្ឌាថា «យើងកំពុងរង់ចាំលោកនាយករដ្ឋមន្ត្រី ម៉ូឌី មកទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅឆ្នាំ២០២៦»។
នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ជាកន្លែងដែលលោកបានជួបជាមួយលោក ណារេនដ្រា ម៉ូឌី ដើម្បីចុះហត្ថលេខាលើកម្មវិធីមួយសម្រាប់ការអភិវឌ្ឍវិស័យយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរហូតដល់ឆ្នាំ២០៣០ និងកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថែទាំសុខភាព ការអប់រំវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





