រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនអាចនឹងចូលរួមបេសកកម្មបោសសម្អាតមីននៅច្រកសមុទ្រហ័រមុស
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ -- ប្រទេសជប៉ុនអាចនឹងចូលរួមក្នុងប្រតិបត្តិការបោសសម្អាតមីននៅក្នុងច្រកសមុទ្រហ័រមុស នៅពេលដែលអរិភាពត្រូវបានបញ្ចប់។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូស៊ីមីតស៊ុ ម៉ូតេគី (Toshimitsu Motegi) បាននិយាយកាលពីពេលថ្មីៗនេះ។
លោក ម៉ូតេគី បានប្រាប់ទូរទស្សន៍ Fuji ថា «បច្ចេកវិទ្យាបោសសម្អាតមីនរបស់ប្រទេសជប៉ុន គឺជាបច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាល្អបំផុតនៅលើពិភពលោក ដូច្នេះ - ខណៈដែលនេះនៅតែជាសម្មតិកម្មសុទ្ធសាធ - ប្រសិនបើបទឈប់បាញ់ត្រូវបានសម្រេច ហើយមីនបង្កជាឧបសគ្គ យើងអាចស្វែងយល់ពីជម្រើសនោះ»។
លោករដ្ឋមន្ត្រីបាននិយាយថា ការដាក់ពង្រាយកងកម្លាំងការពារខ្លួនរបស់ប្រទេសជប៉ុននឹងមានបញ្ហាប្រឈមយ៉ាងខ្លាំងដោយសារតែការរឹតបន្តឹងរដ្ឋធម្មនុញ្ញ និងច្បាប់ក្នុងចំណោមជម្លោះដែលកំពុងបន្ត។
លោកបានបន្ថែមថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលជប៉ុន-សហរដ្ឋអាមេរិក ភាគីជប៉ុនបានជម្រាបប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) អំពីដែនកំណត់ផ្នែកច្បាប់ទាំងនេះដោយសង្កត់ធ្ងន់ថា ទីក្រុងតូក្យូត្រូវតែដំណើរការយ៉ាងតឹងរ៉ឹងនៅក្នុងច្បាប់។
កាលពីថ្ងៃព្រហស្បតិ៍ លោក ស្កុតត៍ បេស្សេនត៍ (Scott Bessent)រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ប្រទេសជប៉ុនដែលពឹងផ្អែកលើមជ្ឈិមបូព៌ាសម្រាប់ប្រេងជាង ៩០% របស់ខ្លួន មានចំណែកយ៉ាងខ្លាំងក្នុងការធានាដល់ការដឹកជញ្ជូនប្រេងដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រហ័រមុស។
នៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើគោលដៅនានានៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងនៅទីក្រុងតេអេរ៉ង់ផងដែរ ដែលបណ្តាលឱ្យមានការខូចខាត និងជនស៊ីវិលស្លាប់ និងរងរបួស។ អ៊ីរ៉ង់បានឆ្លើយតបវិញដោយការវាយប្រហារលើទឹកដីអ៊ីស្រាអែលនិងទីតាំងយោធាអាម៉េរិកនៅមជ្ឈិមបូព៌ា។
ការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមុស ដែលជាផ្លូវសំខាន់សម្រាប់ផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវពីបណ្តាប្រទេសឈូងសមុទ្រពែរ្សទៅកាន់ទីផ្សារពិភពលោក ពិតជាត្រូវបានបញ្ឈប់។ ជាលទ្ធផល តម្លៃប្រេងឥន្ធនៈកំពុងកើនឡើងនៅក្នុងប្រទេសភាគច្រើននៅជុំវិញពិភពលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





