អ៊ីរ៉ង់បដិសេធចំពោះកិច្ចចរចាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការកត់សម្គាល់របស់លោក ដូណាល់ ត្រាំ ស្តីពីកិច្ចសន្ទនាប្រកបដោយផ្លែផ្កា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ -- អ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានបដិសេធចំពោះការធ្វើកិច្ចចរចាណាមួយជាមួយសហរដ្ឋអាមេរិក ដោយផ្ទុយនឹងការកត់សម្គាល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) ដែលបាននិយាយថា «កិច្ចសន្ទនាប្រកបដោយផ្លែផ្កា»នាពេលថ្មីៗនេះបានកើតឡើងរវាងភាគីទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មាន Mehr បានដកស្រង់ប្រភពពីអ៊ីរ៉ង់មួយដែលបាននិយាយថា «គ្មានកិច្ចសន្ទនា» រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនទេ។
ប្រភពនោះបាននិយាយថា ការអត្ថាធិប្បាយរបស់លោក ត្រាំ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីបន្ថយតម្លៃថាមពល និងទិញពេលវេលាដើម្បីអនុវត្តផែនការយោធា។
ប្រភពពីអ៊ីរ៉ង់នោះបានទទួលស្គាល់ថា ប្រទេសក្នុងតំបន់បានដាក់ចេញនូវគំនិតផ្តួចផ្តើមដែលមានគោលបំណងកាត់បន្ថយភាពតានតឹង។
លោកបានបន្ថែមថា «យើងមិនមែនជាភាគីដែលបានចាប់ផ្តើមសង្គ្រាមនេះទេ ហើយការទាមទារបែបនេះទាំងអស់គួរតែត្រូវបាននាំទៅកាន់ទីក្រុងវ៉ាស៊ីនតោន»។
លោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោកបានបញ្ជាឱ្យពន្យារពេលការវាយប្រហារទាំងអស់រយៈពេល ៥ថ្ងៃទៅលើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ដោយលោកបានលើកឡើងពីកិច្ចចរចាដ៏ល្អ និងមានផ្លែផ្កាជាមួយទីក្រុងតេអេរ៉ង់ក្នុងរយៈពេលពីរថ្ងៃកន្លងមក។
លោក ត្រាំ បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការរាយការណ៍ថាសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ មានកិច្ចសន្ទនាដ៏ល្អ និងមានផ្លែផ្កាទាក់ទងនឹងដំណោះស្រាយពេញលេញនៃអរិភាពរបស់យើងនៅមជ្ឈិមបូព៌ា»។
លោក ត្រាំ បានបន្ថែមថា ដោយផ្អែកលើភាពស៊ីជម្រៅ លម្អិត និងប្រកបដោយការស្ថាបនានៃកិច្ចសន្ទនាទាំងនេះ ដែលនឹងបន្តពេញមួយសប្តាហ៍» លោកបានណែនាំដល់ក្រសួងការពារជាតិឱ្យពន្យារពេលការវាយប្រហារយោធាទាំងអស់ប្រឆាំងនឹងរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេលប្រាំថ្ងៃ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





