ម៉ាឡេស៊ីចេញសេចក្តីជូនដំណឹងអំពីសីតុណ្ហភាពឡើងខ្ពស់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ -- សីតុណ្ហភាពខ្ពស់ជាប់គ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានជំរុញឱ្យនាយកដ្ឋានឧតុនិយមម៉ាឡេស៊ីចេញការព្រមានកាលពីថ្ងៃអាទិត្យ ដែលគ្របដណ្តប់លើតំបន់ចំនួន១២ នៅឧបទ្វីបម៉ាឡេស៊ី ជាពិសេសនៅក្នុងរដ្ឋភាគខាងជើងរបស់ប្រទេស។
នាយកដ្ឋានបានចេញការព្រមានកម្រិត១ ជាពិសេសសម្រាប់តំបន់ដែលរងផលប៉ះពាល់នៅក្នុងរដ្ឋភាគខាងជើង ខណៈពេលដែលការព្រមានរលកកំដៅកម្រិត២ ត្រូវបានចេញសម្រាប់ស្រុកប៉ាដាងតេរ៉ាប់ ក្នុងរដ្ឋកេដាហ៍ដែលសីតុណ្ហភាពចន្លោះពី ៣៧ ទៅ ៤០អង្សាសេត្រូវបានកត់ត្រារយៈពេលបីថ្ងៃជាប់ៗគ្នា។
ការព្រមានកម្រិត១ ត្រូវបានចេញនៅពេលដែលសីតុណ្ហភាពអតិបរមាប្រចាំថ្ងៃមានចន្លោះពី ៣៥ ទៅ ៣៧អង្សាសេយ៉ាងហោចណាស់បីថ្ងៃជាប់ៗគ្នា។ សាធារណជនក៏ត្រូវបានណែនាំឱ្យតាមដានការព្យាករណ៍អាកាសធាតុផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





