ឥណ្ឌូណេស៊ីនឹងដាក់ចេញវិធានការសន្សំសំចៃថាមពលដើម្បីធានាស្ថិរភាព
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ -- ប្រទេសឥណ្ឌូណេស៊ីកំពុងដាក់ចេញនូវវិធានការសន្សំសំចៃថាមពលជាបន្តបន្ទាប់នៅទូទាំងវិស័យសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃថាមពល និងការពារស្ថិរភាពសេដ្ឋកិច្ចក្នុងចំណោមភាពមិនប្រាកដប្រជានៅទូទាំងពិភពលោក។
លោក ធេដឌី អ៊ីនដ្រា វីចាយ៉ា (Teddy Indra Wijaya) លេខាធិការគណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ី បាននិយាយកាលពីពេលថ្មីៗនេះថា លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានណែនាំដល់បណ្តារដ្ឋមន្ត្រីឱ្យអនុវត្តគោលនយោបាយប្រសិទ្ធភាពថាមពល បន្ទាប់ពីកិច្ចប្រជុំមួយនៅវិមានប្រធានាធិបតី។
នៅក្នុងកិច្ចប្រជុំនោះ លោកប្រធានាធិបតីបានពិនិត្យរបាយការណ៍ពីក្រសួងនានា ស្តីពីកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសន្តិសុខថាមពលជាតិជាពិសេសនៅក្នុងបរិបទនៃការរំខានដែលអាចកើតមានចំពោះការផ្គត់ផ្គង់ថាមពលជាសកល និងតម្លៃដែលទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា។ លោកក៏បានពិភាក្សាអំពីជំហានយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ការអភិរក្សថាមពលនៅទូទាំងវិស័យផ្សេងៗផងដែរ។
យោងតាមលេខាធិការដ្ឋានប្រធានាធិបតី បានឱ្យដឹងថា វិធានការទាំងនោះមានគោលបំណងរក្សាការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាពខណៈដែលគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ច។ ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រសួងនានាត្រូវបានគេរំពឹងថានឹងធានាថាគោលនយោបាយនោះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព មានគោលដៅល្អ និងមិនរំខានដល់សកម្មភាពសេដ្ឋកិច្ចសាធារណៈ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្កា ហាតាតូ (Airlangga Hartarto) បាននិយាយថារដ្ឋាភិបាលកំពុងពិចារណាទៅលើគោលនយោបាយការងារដែលអាចបត់បែនបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល។
វិធានការទាំងនោះក៏រួមមានការអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះមួយថ្ងៃក្នុងមួយសប្តាហ៍ក្នុងកាលវិភាគការងារប្រាំថ្ងៃ ដែលជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈពីការធ្វើដំណើរប្រចាំថ្ងៃផងដែរ។
លោក ហាតាតូ បានកត់សម្គាល់ថា គោលនយោបាយនេះនឹងអនុវត្តចំពោះមន្ត្រីរាជការជាដំបូង ប៉ុន្តែអាចត្រូវបានពង្រីកដើម្បីរួមបញ្ចូលនូវវិស័យឯកជន និងរដ្ឋបាលមូលដ្ឋាន។
រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តន៍ជាសកល រួមទាំងការប្រែប្រួលតម្លៃប្រេង និងភាពតានតឹងភូមិសាស្ត្រនយោបាយ ហើយនឹងបន្តកែសម្រួលវិធានការរបស់ខ្លួនដើម្បីធានាសន្តិសុខថាមពល និងភាពធន់ផ្នែកសេដ្ឋកិច្ចនាពេលអនាគតដ៏ខ្លីខាងមុខ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





