របាយការណ៍របស់អង្គការសហប្រជាជាតិ៖ កុមារអាយុក្រោម ៥ឆ្នាំចំនួន ៤,៩លាននាក់បានស្លាប់នៅក្នុងឆ្នាំ២០២៤
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ -- យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយកាលពីថ្ងៃពុធ បានឱ្យដឹងថា កុមារប្រមាណ ៤,៩លាននាក់បានស្លាប់មុនថ្ងៃកំណើតទីប្រាំរបស់ពួកគេក្នុងឆ្នាំ២០២៤ ខណៈដែលវឌ្ឍនភាពក្នុងការកាត់បន្ថយអត្រាមរណភាពកុមារបានថយចុះយ៉ាងខ្លាំង។
ខណៈដែលការស្លាប់របស់កុមារអាយុក្រោម ៥ឆ្នាំបានធ្លាក់ចុះជាងពាក់កណ្តាលចាប់តាំងពីឆ្នាំ២០០០ មក ល្បឿននៃការកាត់បន្ថយបានថយចុះជាង ៦០% ចាប់តាំងពីឆ្នាំ២០១៥ ដែលបង្កើនការព្រួយបារម្ភថា កិច្ចខិតខំប្រឹងប្រែងទូទាំងពិភពលោកកំពុងបាត់បង់សន្ទុះ។
របាយការណ៍នេះត្រូវបានផលិតឡើងដោយអង្គការយូណេសេហ្វ (UNICEF) អង្គការសុខភាពពិភពលោក (WHO) ធនាគារពិភពលោក (WB) និងផ្នែកប្រជាជនរបស់អង្គការសហប្រជាជាតិ។
លោកស្រី ខាធើរីន រូសស៊ែល (Catherine Russell) នាយកប្រតិបត្តិអង្គការយូណេសេហ្វ បាននិយាយនៅក្នុងរបាយការណ៍នោះថា «គ្មានកុមារណាម្នាក់គួរស្លាប់ដោយសារជំងឺដែលយើងដឹងពីរបៀបការពារនោះទេ។ ប៉ុន្តែយើងឃើញសញ្ញាគួរឱ្យព្រួយបារម្ភថា វឌ្ឍនភាពនៃការរស់រានមានជីវិតរបស់កុមារកំពុងថយចុះ»។
ទារកទើបនឹងកើតមានចំនួនជិតពាក់កណ្តាលនៃការស្លាប់ទាំងអស់ ដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពយឺតយ៉ាវក្នុងការទប់ស្កាត់ការស្លាប់នៅពេលកើត។ ផលវិបាកពីការកើតមិនគ្រប់ខែមានចំនួន ៣៦% នៃការស្លាប់របស់ទារកទើបនឹងកើត បន្ទាប់មកគឺផលវិបាកអំឡុងពេលសម្រាលកូនចំនួន ២១%។
ជំងឺឆ្លងមួយចំនួន ដូចជាជំងឺគ្រុនចាញ់ ជំងឺរលាកសួត និងជំងឺរាគនៅតែជាឃាតករដ៏សំខាន់។ ជំងឺគ្រុនចាញ់តែមួយមុខមានចំនួន ១៧% នៃការស្លាប់ចំពោះកុមារធំៗ។
របាយការណ៍នោះបានប៉ាន់ប្រមាណថា ការស្លាប់មានទំនាក់ទំនងដោយផ្ទាល់ទៅនឹងកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ ដោយបានរកឃើញថា កុមារជាង ១០០.០០០នាក់បានស្លាប់ដោយសារវាក្នុងឆ្នាំ២០២៤។
លោក ធេដ្រូស អាណាណូម ហ្គេប្រេយ៉េស៊ុស (Tedros Adhanom Ghebreyesus) ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា «កុមារដែលរស់នៅក្នុងជម្លោះ និងវិបត្តិ មានឱកាសស្លាប់មុនថ្ងៃកំណើតទីប្រាំរបស់ពួកគេជិតបីដង។ យើងត្រូវតែការពារសេវាសុខភាព និងអាហារូបត្ថម្ភសំខាន់ៗ និងទៅដល់គ្រួសារដែលងាយរងគ្រោះបំផុត ដើម្បីឱ្យកុមារគ្រប់រូបមានឱកាសមិនត្រឹមតែរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការរីកចម្រើនផងដែរ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





