ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសាឆ្នាំ២០២៦--ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់យោធិន នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំប្រតិភូអមដំណើរ ចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពសមរភូមិមុខ និងយោធិនដែល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។

ក្នុងឱកាសនោះ ឧត្តមសេនីយឯក លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ និងជាប្រធានមន្ទីរពេទ្យព្រះកេតុមាលា និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានទទួលស្វា គមន៍យ៉ាងកក់ក្តៅ និងបានរាយការណ៍សង្ខេប ស្ដីពីស្ថានភាពទូទៅ និងការយក ចិត្តទុកដាក់របស់វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យក្នុងការទទួលពិនិត្យព្យាបាលអ្នកជំងឺ។

ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍សំណេះសំណាលប្រកបដោយក្តីអា ណិតស្រឡាញ់ និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពអង់អាចក្លាហានរបស់យុទ្ធជនទាំងអស់។

ឯកឧត្តមបានគូសបញ្ជាក់ថា៖ ការលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុកិច្ចការពារជាតិមាតុភូមិ និងបូរណភាពទឹកដី គឺជាគុណបំណាច់ដ៏ធំធេងដែលមិនអាចបំភ្លេចបាន។
ទន្ទឹមនឹងការសួរសុខទុក្ខ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូរបស់បងប្អូនកងទ័ព ទោះស្ថិតក្នុងស្ថាន ភាពមានជំងឺ ឬរងរបួសយ៉ាងណាក៏ ដោយ។ ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍បានប្រសិទ្ធពរជ័យសិរីសួស្ដី ជូនដល់វីរយុទ្ធជនទាំងអស់ សូមឱ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យឆាប់បានជាសះស្បើយពីជំងឺ ដើម្បីវិលត្រឡប់ទៅបម្រើការងារនៅអង្គភាពដើម និងជួបជុំក្រុមគ្រួសារវិញក្នុងពេលឆាប់ៗ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា រួមមានថវិកា សម្រាប់យោធិនមានជម្ងឺធ្ងន់ទទួលបានថវិការចំនួន ៤លានរៀល យោធិនមានជម្ងឺមធ្យមទទួលថវិការចំនួន ៣លានរៀល និងយោធិនមានជម្ងឺស្រាលទទួលបានថវិកាចំនួន ២លានរៀល ព្រមទាំងទទួលបានផ្លែឈើគ្រប់មុខចំនួន ១កន្ត្រក់ក្នុងម្នាក់ៗផងដែរ។
សកម្មភាពនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ជាប្រចាំ របស់ថ្នាក់ដឹកនាំកងទ័ពជើងគោក ចំពោះយោធិនដែលបានលះបង់ដើម្បីជាតិមាតុភូមិ និងឆ្លុះបញ្ចាំងពីសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងមេបញ្ជាការ និងពលទាហានគ្រប់ជាន់ថ្នាក់៕
ដោយ៖សំ សាម៉ន





