រដ្ឋមន្ត្រីក្រសួងថាមពល៖ ឥណ្ឌូណេស៊ីកំពុងពិភាក្សាអំពីការទិញប្រេងជាមួយរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូណេស៊ី លោក បាលីល ឡាហាដាលីយ៉ា (Bahlil Lahadalia) បានប្រាប់សារព័ត៌មានស្ពុតនីក (Sputnik) កាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូណេស៊ីកំពុងពិភាក្សាអំពីការទិញប្រេងជាមួយប្រទេសរុស្ស៊ី។
រដ្ឋមន្ត្រីរូបនេះបាននិយាយនៅខាងក្រៅព្រឹត្តិការណ៍នៅទីក្រុងហ្សាកាតាថា «នៅពេលនេះ យើងកំពុងពិភាក្សាអំពីរឿងនេះជាមួយដៃគូរបស់យើងនៅក្នុងប្រទេសរុស្ស៊ី យើងនៅតែត្រូវសិក្សាអំពីសំណើ និងស្ថានភាព... យើងមិនច្រានចោលចំពោះការធ្វើការងារជាមួយប្រទេសដៃគូណាមួយឡើយ»។
នៅថ្ងៃទី១១ ខែមីនាកន្លងទៅនេះ លោក គីរីល ឌីមីទ្រីវ (Kirill Dmitriev) ប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) និងជាបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបរទេស បានជួបជាមួយមន្ត្រីអាម៉េរិកនៅទីក្រុងម៉ៃអាមីដើម្បីពិភាក្សាការដោះស្រាយវិបត្តិនៅក្នុងទីផ្សារថាមពលពិភពលោក។ នៅថ្ងៃបន្ទាប់ លោក ស្កុតត៍ បេសសេនត៍ (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិកបានប្រកាសពីការលុបចោលការរឹតបន្តឹងទាំងអស់ទៅលើប្រេងរបស់រុស្ស៊ីប្រហែល ១០០លានបារ៉ែលដែលកំពុងដឹកជញ្ជូន បន្ទាប់ពីការលើកលែងកាលពីសប្តាហ៍មុនទៅលើការទិញប្រេងរុស្ស៊ីរបស់ឥណ្ឌាដែលជាប់គាំងនៅលើសមុទ្ររួចហើយនោះ។
គួររំលឹកថា នៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងនៅទីក្រុងតេអេរ៉ង់ ដែលបណ្តាលឱ្យមានការខូចខាត និងបង្កឱ្យជនស៊ីវិលរងរបួស។ អ៊ីរ៉ង់បានឆ្លើយតបវិញដោយការវាយប្រហារលើទឹកដីអ៊ីស្រាអែល និងមូលដ្ឋានយោធាអាម៉េរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ការកើនឡើងនៃភាពតានតឹងជុំវិញប្រទេសអ៊ីរ៉ង់ បាននាំឱ្យមានការបញ្ឈប់ចរាចរណ៍ជាក់ស្តែងនៅក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវសំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវពីបណ្តាប្រទេសនៅឈូងសមុទ្រពែរ្សទៅកាន់ទីផ្សារពិភពលោក ដែលប៉ះពាល់ដល់ការនាំចេញ និងផលិតកម្មប្រេងនៅក្នុងតំបន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





