ការនាំចេញប្រេងរបស់អ៊ីរ៉ង់មិនមានការរំខានទេ បើទោះបីជាមានប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ -- លោក អ៊ីស្មែល ហូសសេននី(Ismail Hosseini) អ្នកនាំពាក្យគណៈកម្មការថាមពលសភាអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា ការនាំចេញប្រេងរបស់អ៊ីរ៉ង់កំពុងដំណើរការដោយគ្មានការរំខាន ចំពេលដែលកំពុងមានជម្លោះជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។
លោក ហូសសេននី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលបាននិយាយថា «ការនាំចេញប្រេងកំពុងដំណើរការទៅដោយរលូន។ ប្រសិនបើគូប្រជែងមានភ្នែកមើលឃើញនៅលើកោះ Kharg នោះពួកគេគួរតែដឹងថាពួកគេនឹងអាម៉ាស់ជាងអ្វីដែលបានកើតឡើងនៅក្នុងច្រកសមុទ្រ Hormuz ទៅទៀត - វានឹងក្លាយជាផ្នូរសម្រាប់អ្នកឈ្លានពាន»។
កាលពីថ្ងៃអាទិត្យ សារព័ត៌មាន Axios បានរាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងថ្លឹងថ្លែងអំពីការរឹបអូសកោះ Kharg របស់អ៊ីរ៉ង់ដែលនឹងតម្រូវឱ្យមានការចុះចតរបស់យោធាអាម៉េរិក។ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) នៃកងទ័ពជើងទឹក លោកឧត្តមនាវីឯក អាលីរ៉េហ្សា តាងស៊ីរី (Alireza Tangsiri) បាននិយាយថា ការវាយប្រហារដែលអាចកើតមានរបស់សហរដ្ឋអាមេរិកទៅលើកោះ Kharg ជាកន្លែងស្ថានីយប្រេងធំជាងគេរបស់អ៊ីរ៉ង់ស្ថិតនៅ នឹងប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃប្រេង។
អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក អាបុលហ្វាហ្សល ស្សេកាជី (Abolfazl Shekarchi) បានព្រមានថា រោងចក្រប្រេង និងឧស្ម័ននៅទូទាំងតំបន់មជ្ឈិមបូព៌ានឹងក្លាយជាភ្នំផេះ ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនៅលើកោះ Kharg៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





