រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាជាមួយសមភាគីអាស៊ែបៃហ្សង់
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ លោក ជេយុន បាយរ៉ាម៉ូវ (Jeyhun Bayramov) នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានកត់សម្គាល់ថា ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងអាស៊ែបៃហ្សង់ បាននាំទំនាក់ទំនងទ្វេភាគីចូលទៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍដែលមានគុណភាពខ្ពស់ និងទូលំទូលាយ។
លោកបានអំពាវនាវឱ្យភាគីទាំងពីររក្សាការផ្លាស់ប្តូរនៅគ្រប់កម្រិតពង្រឹងការចែករំលែកបទពិសោធន៍អភិបាលកិច្ច លើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ និងបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ។
លោក វ៉ាង បាននិយាយថា ប្រទេសទាំងពីរគួរតែពង្រឹងយុទ្ធសាស្ត្រនៃការអភិវឌ្ឍរបស់ពួកគេ និងប្រើប្រាស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដែលមានគុណភាពខ្ពស់ជាមគ្គុទ្ទេសដើម្បីស្វែងយល់ពីវិស័យបន្ថែមទៀតនៃផលប្រយោជន៍រួម និងលើកកម្ពស់ចំណុចកំណើនកិច្ចសហប្រតិបត្តិការថ្មីៗ។
លើកកម្ពស់ការបង្កើតប្រព័ន្ធអភិបាលកិច្ចសកលដែលយុត្តិធម៌ និងសមធម៌ជាងមុន។
លោក វ៉ាង បានមានប្រសាសន៍ថា ប្រទេសចិនសូមកោតសរសើរយ៉ាងខ្លាំងចំពោះការងារដែលប្រទេសអាស៊ែបៃហ្សង់បានធ្វើចាប់តាំងពីខ្លួនបានចូលកាន់តំណែងជាប្រធានសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ហើយត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រប្រទេសអាស៊ែបៃហ្សង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល CICA នៅឆ្នាំនេះ។
ចំពោះលោក បាយរ៉ាម៉ូវ បានមានប្រសាសន៍ថា ការកើនឡើងនៃទំនាក់ទំនងទ្វេភាគីកាលពីឆ្នាំមុនបានបន្ថែមសន្ទុះដ៏រឹងមាំដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោកបានបន្ថែមថាប្រទេសអាស៊ែបៃហ្សង់គាំទ្រគំនិតផ្តួចផ្តើមសកលធំៗចំនួនបួនដែលដាក់ចេញដោយប្រទេសចិន និងមានឆន្ទៈក្នុងការចូលរួមជាមួយក្រុមអភិបាលកិច្ចសកល។
ដោយបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់ប្រទេសអាស៊ែបៃហ្សង់ចំពោះគោលការណ៍ចិនតែមួយ លោក បាយរ៉ាម៉ូវ បានមានប្រសាសន៍ថា ភាគីអាស៊ែបៃហ្សង់ត្រៀមខ្លួនជាស្រេចដើម្បីរក្សាការផ្លាស់ប្តូរទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងកម្រិតកំពូលជាមួយប្រទេសចិន បង្កើនការទំនាក់ទំនងអន្តរភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ការអប់រំ ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។
លោកក៏បានសន្យាថានឹងពង្រឹងការសម្របសម្រួលជាមួយប្រទេសចិនក្នុងក្របខ័ណ្ឌពហុភាគី ជំរុញទំនាក់ទំនងអាស៊ែបៃហ្សង់-ចិន បន្ថែមទៀត និងធ្វើការរួមចំណែកកាន់តែច្រើនដល់សន្តិភាព និងវិបុលភាពក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





